(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ ២នាក់បានស្លាប់ និង១២នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៥ករណីផ្សេងគ្នា នៅស្រុកក្រគរ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាសញ្ញាដាស់ស្មារតីឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំង ត្រូវបង្កើនស្មារតីខ្ពស់ជាប់ជានិច្ច ក្នុងការបើកបរទៅទីជិតទៅឆ្ងាយ។

ករណីទី១៖ កើតឡើងនៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៧៥ និង១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីបើកម៉ូតូម៉ាក Fine ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1X-0287 ក្នុងល្បឿនលឿន ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានគេចរថយន្ត២គ្រឿង ដែលកំពុងតែបើកជែងគ្នា ក៏ជ្រុលទៅបុកបង្គោលសុវត្ថិភាពខាងជើងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស៣នាក់។ ក្នុងចំណោមជនរងគ្រោះ៣នាក់ មាន២នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគ្រ និងម្នាក់ទៀតរស់នៅក្រុងពោធិ៍សាត់។

ករណីទី២៖ នៅលើផ្លូវលំដីក្រហម ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីបើកម៉ូតូម៉ាក Wav ពណ៌ខ្មៅ ឌុបគ្នា៣នាក់ ក្នុងស្ថានភាពស្រវឹងជោគ លុះមកដល់ចំណុចកើតហេតុ បានបុគបង្គោលរបងដែលគរទុកចោលខាងកើតផ្លូវ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់មនុស្ស២នាក់ ក្នុងស្រីម្នាក់។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈីន អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រីឯជនរងគ្រោះ២នាក់ទៀត រស់នៅភូមិត្រពាំងកឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីទី៣៖ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៣៨ និង១៣៩ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីរថយន្តម៉ាក SAMYUNG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-2498 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូស៊ីរុស ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈកំពុងបត់ឆ្វេង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់មនុស្ស៣នាក់ ប្រុសទាំងអស់។ ជនរងគ្រោះអ្នកបើកម៉ូតូ មានឈ្មោះ ហ៊ុល វាសនា អាយុ១៨ឆ្នាំ រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសធ្ងន់) រីឯអ្នករួមដំណើរ មានឈ្មោះ ឈឹម ចាន់អេង អាយុ២២ឆ្នាំ (របួសធ្ងន់), ឈឹម ចាន់ហុង អាយុ២០ឆ្នាំ (ស្លាប់), គា កុយ អាយុ២០ឆ្នាំ (របួសធ្ងន់) ទាំង៣នាក់ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ករណីទី៤៖ នៅចំណុចផ្លូវភូមិតាដែល លើផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគោយន្ត បើកកៀរម៉ូតូ Honda Dream ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F-7527 ឌុបគ្នា២នាក់ ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ (ស្រី) និងរបួសស្រាលមនុស្សម្នាក់ (ប្រុស)។

ករណីទី៥៖ នៅចំណុចថ្នល់បំបែក ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានករណីបើកម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AM-7872 ក្នុងល្បឿនលឿនពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកកង់ឡាន Fuso ពាក់ស្លាកលេខ ភ្នំពេញ 3A-3367 បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់។ ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភោគ ចាន់ថា អាយុ២៨ឆ្នាំ រស់នៅភូមិវត្តឯក សង្កាត់ចំរើនផល (បាក់ដៃឆ្វេង) រីឯអ្នករួមដំណើរឈ្មោះ ភក្តី អាយុ២០ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា (បែកក្បាល) ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក រស់ ចំរើន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ករណីទាំង៥នេះ កើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បណ្តាលមកពីវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងភាគច្រើនស្ថិតក្នុងស្ថានភាពស្រវឹង។

លោកនាយការិយាល័យបន្តថា ចំព្រោះវត្ថុតាងម៉ូតូ គោយន្ត និងរថយន្ត អ្នកមិនបង្កការខូចខាតដល់សម្បត្តិសារធាណៈ បានប្រគល់ឲ្យសាច់ញាតិ រីឯអ្នកជាប់ពាក់ព័ន្ធផ្នែក និងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុក ដើម្បីបន្តតាមនីតិវិធី។ ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឡែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕