(ភ្នំពេញ)​៖ បន្ទាប់ពីធ្វើការចោទប្រកាន់រួចរាល់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញ បានសម្រេចបញ្ជូន កូន​ប្រុសតារាកំប្លែង​នាយ ​ហុង ដា​ និង​សង្សារ​ ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថវិញ ដោយរង់ចាំបន្តនីតិវិធីនៅថ្ងៃស្អែក។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ នៅប៉ុន្មាននាទីមុននេះ។

កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ស៊ិន​ វីរៈ​ ចោទ​ប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​។​ រីឯ​សង្សារ​របស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់​ពី​បទ ​«សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ អាចប្រឈមនឹងការដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

សូមបញ្ជាក់ថា ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈវិដេអូកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារ​បស់គេតែម្តង នៅក្នុងខណ្ឌជ្រោយចង្វា នារសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះហើយនោះ, កូនប្រុសនាយ ​ហុង ដា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះ បានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹង ដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចទៅលើខ្លួនខ្លាំងពេក៕