(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោយទទួលពាក្យបណ្តឹងពី ឈ្មោះ ផុន ភីរុណ អាយុ៣០ឆ្នាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម (លួចសម្ភារក្នុងបន្ទប់) រួមជាមួយវត្ថុតាងមួយចំនួន។

ជនរងគ្រោះជាគ្រូបង្រៀន មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានកិច្ចសហការរវាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង១០ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ។

ជនសង្ស័យមានឈ្មោះ សុខ ជាអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ចំណែកវត្ថុតាងចាប់យកបាន រួមមាន៖ ទូរស័ព្ទ១គ្រឿង អាយផេត១គ្រឿង លុយដុល្លារក្លែងក្លាយ ៣០០ដុល្លារ លុយខ្មែរ ១,៥០០រៀល ស៊ីមកាត១។

ជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕