(ភ្នំពេញ)​៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានរាយការណ៍ឲ្យដឹងថា កូន​ប្រុស​តារាកំប្លែងនាយ​ ហុង ដា​ និង​សង្សារ​ ដែលបានសម្លាប់ម្តាយក្រោយ ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០១៧​នេះ។

លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ កូន​ប្រុសតារាកំប្លែង​នាយ ​ហុង ដា​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ រីឯ​សង្សារ​កូន​ប្រុស​នាយ ​ហុង ដា​ ត្រូវបាន​ចោទប្រកាន់​ពី​បទ ​«សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

បច្ចុប្បន្ន​ជនត្រូវចោទ​ទាំង​ពីរ​នាក់​ និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​បន្ត​នីតិវិធី​។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំ​ខ្លួន ​ឬ​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ។

សូមបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួនកូនប្រុសនាយ ​ហុង ដា តារាកំប្លែងមានប្រជាប្រិយមួយរូបនៅកម្ពុជា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះបានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹងដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចបណ្តាសាទៅលើខ្លួន។

ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះកើតឡើងតាមរយៈវិដេអូ កាមេរ៉ាសុវត្ថិភាព កូនប្រុសនាយ ហុង ដា គឺជាជនសង្ស័យដែលសមត្ថកិច្ចបានកំណត់គោលដៅ។

បន្ទាប់ពីការកំណត់គោលដៅនេះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាគូស្នេហ៍នឹងគ្នា។ ជនសង្ស័យទី១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់នាយហុង ដា និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាងរស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍របស់ឈ្មោះ ខា សុខេន៕