(ភ្នំពេញ)៖ ការជ្រើសអនុប្រធានជាផ្លូវការរបស់គណបក្សប្រឆាំង នឹងធ្វើឡើងជាថ្មី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការ នាយករបស់គណបក្សសង្រ្គោះជាតិ ក្រោយក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈថ្មី កាលពីដើមខែឧសភា។ នេះបើតាមការបញ្ជាក់របស់ លោក ប៉ុល ហំម តំណាងរាស្រ្ត និងជាប្រធានគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិ ដែលបានប្រាប់​ Fresh News នៅព្រឹកថ្ងៃទី១៥ ខែឧសភា។

លោក ប៉ុល ហំម បានឱ្យដឹងបន្ថែមថា គណបក្សសង្រ្គោះជាតិ គ្រាន់តែចង់ធ្វើអ្វីឱ្យត្រឹមត្រូវតាមច្បាប់ និងលក្ខន្តិកៈប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកអះអាង ជាជំហផ្ទៃក្នុង របស់បក្សប្រឆាំង នឹងនៅតែរក្សាអនុប្រធាន៣នាក់ដដែល។ លោកថ្លែងថា «នៅក្នុងផ្ទៃក្នុងរបស់គណបក្ស យើងបានសម្រេចច្រើនលើកច្រើន សារហើយ ដោយក្នុងនោះ មានទាំង គណៈកម្មការធិការនាយកសម្រេច២ដង ហើយសមាជក៏ច្រើនដងហើយ គឺខ្ញុំមើលទៅមិនមានបេក្ខភាពឯណា ក្រៅតែពីអ្នកទាំង៣ នោះទេ»

សូមបញ្ជាក់ថា  ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានសម្រេចទទួលស្គាល់ ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី​ របស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។

ការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិបានរៀបចំសមាជវិសាមញមួយទៀត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយសម្រេចកែប្រែ ជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើស​អនុប្រធានគណបក្សរបស់ខ្លួន។ ប្រការ៤៧ថ្មី(មួយ) ដែលត្រូវបក្សប្រឆាំងកែប្រែរួចនេះ នឹងមិនកំណត់​រយៈពេល៣០ថ្ងៃ សម្រាប់ការជ្រើសរើសអនុប្រធាន ដូចប្រការ៤៧ថ្មីឡើយ ពោលគឺការជ្រើសរើសអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ លែងមានការកំណត់ពេលដូចមុនហើយ៕