(ពោធិ៍សាត់)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាពេលថ្មីៗនេះ បានអញ្ជើញប្រគល់ស្រះទឹកចំនួន២កន្លែង និងអណ្តូងទឹកស្អាតចំនួន១៥កន្លែង ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន៤៤៨គ្រួសារ នៅស្រុកកណ្តៀង ស្រុកវាលវែង ស្រុកបាកាន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អណ្តូងទឹកស្អាតចំនួន១៦ ដល់ខេត្តពោធិ៍សាត់ និងឆ្នាំ២០១៧ បានផ្តល់ស្រះទឹកចំនួន២កន្លែង និងអណ្តូងទឹកស្អាតចំនួន១៥ គឺនៅស្រុកកណ្តៀង ស្រះទឹក១ អណ្តូងទឹក៥, ក្រុងពោធិ៍សាត់៤, ស្រុកបាកាន៦ និងស្រុកវាលវែង ស្រះទឹកជីកថ្មី១ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៤៤៨គ្រួសារ។

លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរ ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចំពោះលោកតា លោកយាយចាស់ជរាគ្មានទីពឹង ក៏ដូចបងប្អូនជាជនពិការ អ្នកមានផ្ទុកមេរោគអេដស៏ និងជនងាយរងគ្រោះនានា។

លោកស្រីបានបញ្ជាក់ថា មនុស្ស សត្វ និងធម្មជាតិនៅលើភពផែនដី ត្រូវការទឹកជាចាំបាច់ ដើម្បីចិញ្ចឹម និងការលូតលាស់ ត្រង់ចំណុចនេះហើយ ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបជំងឺអេដស៍ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ ផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងតែបានផ្តល់ជាអណ្តូងទឹកស្អាត និងស្រះទៅដល់តំបន់គោល សំដៅធ្វើយ៉ាងណា ឲ្យបងប្អូនមានទឹកស្អាតសម្រាប់ទទួលទាន។

លោកស្រីបញ្ជាក់ថា «ដោយសារមានការប្រែប្រួលអាកាសធាតុ ទើបនៅតំបន់មួយចំនួន ទទួលរងផលប៉ះពាល់ ដូចជារាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ដែលទាមទារឲ្យលោកតា លោកយាយ និងបងប្អូនផ្តោតការយកចិត្តទុកដាក់ព្យាយាម ខិតខំថែរក្សាសុខភាព មានអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើងត្រូវ​ជូនដំណឹងដល់​អាជ្ញាធរដែនដី និងអ្នកស្ម័គ្រចិត្តនៅតាមភូមិ ឃុំ សង្កាត់ និងសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ក្រុង ដើម្បីធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា ស្របតាមពាក្យស្លោកថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» គឺជាស្ថាប័នមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយមិន​ប្រកាន់ពីនិន្នាការនយោបាយអ្វីឡើយ»

ជាមួយគ្នានោះលោកស្រី និងលោកអភិបាលខេត្ត ព្រមទាំងក្រុមការងារបានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ ស្ត្រីក្រីក្រកូនច្រើនចំនួន២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១០កំប៉ុង សារុង១ និងថវិកា២ម៉ឺនរៀល។ ដោយឡែក ប្រជាពលរដ្ឋដែលបានចូលរួម៨០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល ព្រមទាំង ប្រគេនអង្ករ១០០គីឡូក្រាម និងបច្ច័យ២០ម៉ឺនរៀល ដល់ព្រះចៅអធិការវត្តលាប និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ស្រះទឹក និងអណ្តូងទឹកស្អាតជារួមនាពេលនោះផងដែរ៕