(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៦៤កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែម ក្រោយក្រុមហ៊ុន ឃ្យូប៊ី (០១៣) ផ្លូវព្រះមុន្នីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះឈ្មោះ ហ៊ី តារា (ហៅភ័ណ្ឌ) អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៥ ផ្លូវ២៧១ ក្រុម៩ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ មុខរបរជាងដែក។

មន្រ្តីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាចំនួន៦៤កូនកញ្ចប់ ទុកនៅក្នុងកូនថង់ប្លាស្ទិក នៅក្នុងអាវយឹតដៃខ្លីពណ៌ខៀវលាយក្រហម ហាលលើស្នួលក្រោយខ្នងជនសង្ស័យ កូនថង់ប្លាស្ទិកមួយចំនួន, ប្រអប់ជ័រពណ៌ផ្ទៃមេឃ០១, អាវយឺតដៃខ្លី ពណ៌ខៀវលាយក្រហម០១, ទូរស័ព្ទសេរីចាស់០១, កាបូមលុយ០១, លុយ៣០ដុល្លារ, អត្តសញ្ញាណប័ណ្ណខ្មែរ០១, ដេកកេះ០១, ម៉ូតូសង់កូរេសេ១០០ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ១E-៥៧៦៥។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញយកមកប៉ុស្តិដើម្បីធ្វើការសាកសួរបន្ត៕