(ក្រចេះ)៖ លោក សរ ចំរុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រែកប្រសព្វ ជួបសំណេះសំណាលជាមួយសមាជិក មន្រ្តីថ្នាក់ស្រុក និងគ្រួសារបក្ស ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រ​សព្វ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅខេត្តក្រចេះទាំង២រូប បានប្រាប់ពលរដ្ឋត្រៀមឯកសារ សម្រាប់ការចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោក សេក ប៊ុនហេង អភិបាលស្រុក បានឲ្យដឹងថា សមាជិកគណបក្យប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងពិធី​សំណេះសំណាលនេះ មានចំនួន១,០៦០នាក់ នៅក្នុងឃុំព្រែកប្រសព្វទាំងមូល ហើយគណបក្សនយោបាយដែល​ឈ្មោះបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តិ​ទី៤នេះ មានគណបក្សនយោបាយចំនួន៦ នៅក្នុងស្រុកព្រែកប្រសព្វ។

លោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានពុះគ្រប់ឧបសគ្គ ដើម្បីរំដោះជាតិកម្ពុជា ឲ្យរួចផុតពីបនប្រ​លយ័ពូជសាសន៍ ដឹកនាំនយោបាយឈ្នះឈ្នះ។ ​គុណសម្បត្តិធំធេងរបស់សម្ដេចតេជោ ខ្មែរគ្រប់រូបត្រូវដឹងគុណចំពោះសម្តេច ព្រោះការដឹកនាំ​របស់សម្ដេច​តស៊ូបម្រើសង្គម ឲ្យរីកចម្រើនរហូតមកទល់សព្វថ្ងៃនេះ មានទាំងផ្លូវថ្នល់ សាលារៀន អគ្គិសនី ស្ពានគ្រប់ទីកន្លែង។

លោកឧត្តមសេនីយ៍ឯក បានសុំឲ្យបងប្អូនចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្នា ព្រោះថានៅសល់តែ២១ថ្ងៃទៀតទេ ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយលោកបានណែនាំបងប្អូនពលរដ្ឋទាំងអស់ ឲ្យណែនាំកូនចៅត្រូវចៀងឆ្ងាយពី បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន។

ជាមួយគ្នានោះ លោក សរ ចំរុង ​បានបញ្ជាក់ប្រាប់បងប្អូនពលរដ្ឋទាំងអស់ ត្រូវយលដឹង់អំពីបញ្ហាបោះឆ្នោតបងប្អូន ត្រូវយកអត្តសញ្ញាប័ណ្ណទៅនៅថ្ងៃបោះឆ្នោត បើបងប្អូនណាមិនទាន់មានអត្តសញ្ញាប័ណ្ណត្រូវលិខិត្តបញ្ជាក់ពីមេឃុំ ឬចៅសង្កាត់ ដោយមានរូបថតចំនួន៣សន្លឹក ហើយលោក​បញ្ជាដល់មេទាំងអស់ ឲ្យធ្វើជូនបងប្អូនដោយមិនគិតលុយពីបងប្អូនទេ ទោះជាលិខិតផ្សេងៗ ដូចជាសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត​។ល។

កិច្ចបញ្ចប់ពិធីសំណេះសំណាល លោក សរ ចំរុង និងលោកឧត្ដមសេនីយ៍ឯក បានចេញថវិការផ្ទាល់ខ្លួនម្នាក់ពាក់កណ្ដាល ជូនដល់បងប្អូនពលរដ្ឋចំនួន១,០៦០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកាចំនួន១០,០០០រៀល ហើយលោកឧត្ដមសេនីយ៍ឯក បានផ្ដល់ជូនComputer១គ្រឿង និងម៉ាស៊ីនPrinter១គ្រឿង និងថវិកា ចំនួន១លានរៀល ដល់​ស.ស.យ.ក ស្រុកព្រែកប្រសព្វផងដែរ៕