(កោះកុង)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម និង​សកម្មជន សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង ជាច្រើនកុះករថា សូមបងប្អូនបន្តរក្សាកម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីស្របតាមប្រសាសន៍របស់សម្ដេចតេជោ «គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ»។​

ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ​ក្នុងនោះក៏ប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមានជាសហអធិបតីដោយ លោក ប៊ុន លើត អភិបាល​ខេត្តកោះកុង និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត​។

លោក ប៊ុន លើត បានបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​មន្រ្តីគណបក្សប្រជាជនកម្ពុជា ពីថ្នាក់លើដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រះសស្រាំ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ​តែទោះបីយ៉ាងណាការខ្វះចន្លោះ ឬធ្វើឲ្យមានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មើគ្នានោះដែរ។ ទោះបីយ៉ាងណា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសើរនូវ សម្លេងគាំទ្រយ៉ាងច្រើនលើសលប់ របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលើលំដាប់ថ្នាក់លេខមួយ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិកសមជិកាគណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំង គាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហើយសូមឲ្យបន្តនូវកិច្ចខំប្រឹងប្រែងនេះ សម្រាប់អាណត្តិជាបន្តបន្ទាប់។

​លោកប្រធានគណៈចលនាសាសនិកឥស្លាមរូបនេះ លើកឡើងថា «សូមកុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយើងត្រូវឈរនៅលើគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពាតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍»

​ក្នុងឱកាសនោះដែរ លោកបញ្ជាក់ពី ការកសាងប្រទេសពីបាតដៃទទេ និងការលះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង​ការរីកចម្រើ​ននូវសាមិទ្ធផលនានា គ្រប់វិស័យដុះដាលទូទាំងប្រទេស ហេតុនេះការតបស្នងសងគុណ ដែលសាកសមបំផុត គឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនៅសល់តែប៉ុន្មាន​ថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនេះ៕