(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកការដ្ឋានជួលជុល ផ្លូវបេតុងឆ្អឹងដែក១ខ្សែទៀត ដែលមានប្រវែង២៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្មើនឹង១៥០០ម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្រោមកញ្ចប់ថវិការបស់ខណ្ឌ ស្ថិតក្នុងភូមិពង្រ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។

ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្រោមវត្តមានលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកលោកស្រី ជាអភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិក ក្រុមព្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ផ្លូវប្រៀបដូចជាសសៃឈាម ដែលមិនអាចខ្វះបាន ផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនានាពេលនេះ គឺគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិកាកញ្ចប់របស់ សាលាខណ្ឌតាម ផ្អែកតាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័នប្រព័ន្ធ លូរ ផ្លូវ និងប្រឡាយជាដើម ដែលមានការខូចខាត​ទាមទាឲ្យមានការជួសជុល និងស្តាឡើងវិញ។

លោក ហែម ដារិទ្ធិ បានបន្តទៀតថា ការខូចខាតបែបនេះ គឺដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកបានដក់ នៅតាមដងផ្លូវមានរយៈពេលយូរ និងម៉្យាងវិញទៀតប្រព័ន្ធលូរ នៅតាមកន្លែងខ្លះ កកស្ទះហូរមិនទាន់ដោយសារតែសំរាម និងដីកកស្ទះក្នុងប្រព័ន្ធលូ ប្រឡាយ។

លោកបានបន្តថា ជារៀងរាល់ឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតសំខាន់ៗ ទៅលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ជាអាទិភាព គឺការជួសជុល និងប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកសំអុយឲ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋាន និងម្យ៉ាងវិញទៀតដើម្បីឆ្លើយតបទៅនឹងប្រសាសាន៍របស់ថ្នាក់ដឹកនាំលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់លើការងាររៀប ចំប្រព័ន្ធលូ ប្រឡាយ អណ្តូង ជួសជុលផ្លូវ និងបញ្ហាសំរាមជាដើម។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ មានគម្រោងអភិវឌ្ឍន៍ចំនួន៧សង្កាត់ គឺសង្កាត់កាកាប, សង្កាត់ចោមចៅ, សង្កាត់ត្រពាំងក្រសាំង, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ស្នោរ, សង្កាត់បឹងធំ និងសង្កាត់សំរោងក្រោមក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋានរំកិលបន្តិចម្តង រហូតលេចចេញជារូបរាង៕