(ឧត្តរមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រ ៧៤គ្រួសារ រស់នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាប់សាងសង់លំនៅឋានស្នាក់នៅ និងដាំដុះដំណាំផ្សេងៗផងដែរ។

ការសម្រេចផ្តល់ដីសាងសង់លំនៅឋាន ក៏ដូចជាដាំដុះដំណាំផ្សេងៗនេះ បានធ្វើឡើងតាមរយៈសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម ប្រធានគណៈពង្រឹងការងារប្រចាំខេត្តឧត្តរមានជ័យ បន្ទាប់ពីក្រុមការងារបានពិនិត្យឃើញថា ប្រជាពលរដ្ឋទាំង ៧៤គ្រួសារនេះមានជីវភាព ក្រីក្រ និងជួបការលំបាកខ្លាំងក្នុងជីវភាព ជាពិសេសគ្មានដីសម្រាប់សាងសង់លំនៅឋានស្នាក់នៅ ក៏ដូចជាការដាំដុះដំណាំផ្គត់ផ្គង់ជីវភាព។

ដីដែលត្រូវប្រគល់ជូននេះ ក្នុងមួយគ្រួសារទទួលបានដីមួយឡូតិ៍ទំហំ ២០ម៉ែត្រ គុណនិង ៨០ម៉ែត្រ។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ស្រុកអន្លង់វែងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់អាជ្ញាធរពន្លឿនការកំណត់ និងបែងចែកដីជូនប្រជាពលរដ្ឋទាំង ៧៤គ្រួសារ ដើម្បីសាងសង់លំនៅឋានស្នាក់នៅ ព្រោះរដូវភ្លៀងបានចូលមកដល់ទៅហើយ អាចនឹងបង្កការលំបាកសម្រាប់ការរស់នៅរបស់ពួកគាត់។

ប្រជាពលរដ្ឋក្រីក្រគ្មានដីសាងសង់លំនៅឋានស្នាក់នៅនេះ បានបង្ហាញការរីករាយ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងផលលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ក្រុមប្រជាពលរដ្ឋ ក៏បានអរគុណនាយឧត្តមសេនីយ៍ គន់ គីម ផងដែរ ដែលតែងតែធ្វើជាភ្នែកជាច្រមុះរបស់សម្តេចតេជោ ហ៊ុន សែន ចុះទៅដល់មូលដ្ឋានស្វែងយល់ពីទុក្ខលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ហើយស្នើសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយ ដោះស្រាយជូនពួកគាត់៕