(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​កើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង​ រថយន្ដធុនធំ​២គ្រឿង កង់១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើសល្បឿន២លើក,​ បត់គ្រោះថ្នាក់៤លើក, ប្រជែង១លើក, និងមិនគោរពសិទ្ធិ១លើក។​

សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើង ចំនួ​ន២៩លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរងបួស៤៤​ចំនួននាក់៕