(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយ របស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៤ ខែឧសភានេះដែលបានអះអាងថា យោធា​ឡាវបានបន្ថែមកម្លាំង និង​បានជីក​លេណដ្ឋាន​ជា​ថ្មី​ទៀត​ តាមខ្សែបន្ទាត់ព្រំដែន ត្រង់តំបន់អូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា ព័ត៌មានដែលបានចុះផ្សាយនេះខុសពីការពិត និងមានចេតនាបំផ្លើស ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន នៅមុនការបោះឆ្នោត ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៤ ខែឧសភានេះយ៉ាងដូច្នេះថា៖ «ព័ត៌មានដែលផ្សាយ ដោយវិទ្យុអាស៊ីសេរី ជាព័ត៌មានបំផ្លើសការពិត មានបំណងបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ និងមានបំណងធ្វើឱ្យសភាពការណ៍ ចលាចលខូចសន្តិសុខជាតិ»។

លោកបានបន្ថែមទៀតថា «សព្វថ្ងៃនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ឡាវកងយោធពលខេមភូមិន្ទ កំពុងឈរជើងយ៉ាងរ៉ឹងមាំ មិនមានទាហានឡាវ ចូលមកជីកលេណដ្នានឈរជើងក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះទេ!»។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ វិទ្យុអាស៊ីសេរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងមាន បានចេញផ្សាយដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះថា យោធា​ឡាវប្រដាប់​ដោយ​អាវុធ​ បាន​សង់​លេណដ្ឋាន និង​បង្កើន​កម្លាំង​ទ័ព​ឈរ​ជើង​នៅ​លើ​កោះ​ឫស្សីជា​ថ្មី​ទៀត ក្នុង​ទឹក​ដី​កម្ពុជាច្រើន​ថ្ងៃ​ហើយ បំណង​ចង់​គ្រប់គ្រង​តំបន់​នោះ និង​ព្យាយាម​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះ ក្រសួងការពារជាតិបានធ្វើការស្រាវជ្រាវ និងបញ្ជាឱ្យត្រូតពិនិត្យឱ្យ បានហ្មត់ចត់ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមយោធាឡាវមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា ការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរ នៅតំបន់នោះ។

នៅក្នុងជំនួបជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ លោក ប៊ុនញាំង វរជិត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានជំរុញឲ្យភាគីមិត្តជាប់ព្រំដែនខាងជើងមួយនេះ ជួយពន្លឿនការដោះស្រាយបញ្ហាព្រំដែនរួមជាមួយគ្នា ឲ្យបានឆាប់រហ័ស។

ជាការឆ្លើយតប លោក ប៊ុនញាំង វរជិត បានឯកភាពជាមួយសម្ដេច ហេង សំរិន លើការងារពន្លឿនការដោះស្រាយព្រំដែនរួមជាមួយកម្ពុជា។ លោកបញ្ជាក់ ថា ឆន្ទៈរបស់ប្រទេសឡាវ ក៏បន្តជំរុញដោះស្រាយកិច្ចការដែលនៅសេសសល់ ឲ្យបានឆាប់រហ័សដែរ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំងនោះ ទៅជាតំបន់ មិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសនឹងជំរុញដល់គណៈកម្មការព្រំដែនប្រទេសទាំងពីរ (JC) ឲ្យពន្លឿនការដោះស្រាយបញ្ហានេះ៕