(ភ្នំពេញ)៖ រូបភាពមួយសន្លឹកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី ដែលបាន ផ្សព្វផ្សាយលើទំព័រ Facebook របស់សម្តេចនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចែកចាយបន្ត លើបណ្តាញសង្គម Facebook យ៉ាងផុលផុស ជាមួយនិងសារជូនពរផ្សេងៗគ្នាឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆាប់ជាសះស្បើយពីជំងឺ។

តាមរយៈរូបភាពមួយសន្លឹកដែលបង្ហាញនេះ ក្រុមអ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍ខ្ពស់បំផុត ចំពោះសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បើទោះបីដៃម្ខាងជាប់សឺរ៉ូមទៅហើយក្តី តែដៃម្ខាងទៀត នៅតែកាន់ទូរស័ព្ទដៃ ខណៈនៅលើតុក្បែរគ្រែមានឧបករណ៍ ភ្ជាប់ប្រព័ន្ធអ៉ីនធើណេត និងទូរស័ព្ទជាច្រើនគ្រឿងផ្សេងទៀត។

រូបភាពដែលបានបង្ហាញនេះ បានបង្កជាមនោសញ្ចេតនា និងការអាណិតអាសូរចាក់ដោតយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ពលរដ្ឋខ្មែរ។ ហេតុអ្វីបានរូបភាពមួយសន្លឹកនេះ បង្កជាការចាក់ដោតទៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋបែបនេះ?

សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងជារឿយៗថា លើទូរស័ព្ទរបស់សម្តេច មានបណ្តាញទំនាក់ទំនង និងការចងក្រងជាក្រុមយ៉ាងច្រើន ជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈទូរស័ព្ទនេះធ្វើឲ្យសម្តេចតាមដានអំពីដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងធ្វើការគ្រប់គ្រងចាត់ចែង និងធ្វើការសម្រេចចិត្តបន្ទាន់ទៅលើការងារ និងស្ថានការណ៍របស់ប្រទេសជាតិបានទាន់ពេលវេលា និងមានប្រសិទ្ធភាបថែមទៀតផង។

បើតាមអ្វីដែលសម្តេចធ្លាប់បានលើកឡើងនេះ វាស្តែងច្បាស់ណាស់ថា ទូរស័ព្ទក្នុងដៃរបស់សម្តេចនេះ មិនមែនជាការលេងកម្សាន្តបណ្តែតអារម្មណ៍ ជាមួយបណ្តាញសង្គម Facebook ឬ ធ្វើអ្វីផ្សេងនោះឡើយ។ ប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុងតាមដាន និងចាត់ចែងចំពោះ ការងារផ្សេងៗដែលជាជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការទទួលខុសត្រូវរបស់សម្តេចក្នុងឋានៈជានាយករដ្ឋមន្រ្តី។

រូបភាពមួយសន្លឹកនេះ ក៏បានស្តែងឲ្យឃើញជាក់ច្បាស់ផងដែរថា គ្រប់ដង្ហើមចេញចូល បុរសជាអ្នកកាន់ចង្កូតនាវាកម្ពុជា ដែលបានផ្តើមជីវិតជាមួយ ការតស៊ូលើសមរភូមិសង្រ្គាមជាច្រើនទសវត្សរ៍កាលពីអតីតកាល មិនដែលបានរំលងចោលនូវជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជានោះឡើយ សូម្បីតែពេលខ្លួនកំពុងមានជំងឺក៏ដោយនោះ។

បុរសដែលបានប្រឹងប្រែងស្វែងរកពន្លឺសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្រ្គាម បើកឡើងជាថ្មីនូវទំព័រសករាជ្យនៃការអភិវឌ្ឍ និងភាពរីកចម្រើន ជូនមាតុភូមិកម្ពុជា គឺសុខចិត្តឲ្យខ្លួនហ៊ុំព័ទ្ធដោយជំងឺ តែមិនអនុញ្ញាតឲ្យជំងឺនេះទៅរួមរិតជោគវាសនាប្រទេសជាតិ និងប្រជាជនឲ្យជួបរឿងមិនល្អណាមួយ ដូចអតីតកាលនោះឡើយ។

ប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលបាននូវមនុញ្ញផលនៃសុខសន្តិភាព បានមកពីការពលីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ពិតជាអរគុណ និងដឹងគុណ ដោយមិនអាចកាត់ថ្លៃបានឡើយចំពោះការលះបង់ដ៏ធំធេងនេះ។
សូមបួងសួងដល់ទេវតាថែរក្សាចក្រវាឡ និងវត្ថុស័ក្តិសិទ្ធ ជួយអភិបាលប្រោសព្រំ និងប្រសិទ្ធពរឲ្យមេដឹកនាំដ៏កម្សត់និងក្លាហានរបស់កម្ពុជារូបនេះឆាប់បានជា សះស្បើយពីជំងឺ និងបន្តមានកម្លាំងពលំកាន់តែមាំមួយ ដើម្បីបន្តនាំមកនូវសេចក្តីសុខ និងភាពរីកចម្រើនកាន់តែច្រើនថែមទៀតសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕