(ភ្នំពេញ)៖ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ឆ្មបត្រូវតែពង្រឹងសមត្ថភាព និងជំនាញឲ្យច្បាស់លាស់ នៅទូទំាង២៥រាជធានី-ខេត្ដ ដើម្បីដោះស្រាយរាល់បញ្ហា ដែលស្ដ្រី និងទារក ត្រូវប្រឈម តាំងពីមុខពេលមានគភ៌ និងក្រោយសម្រាលហើយ ។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាឆ្មបជាតិ៥ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្មបមាតា និងគ្រួសារ រួមគ្នា ដើម្បីសម្រាលមានសុវត្ថិភាព» នៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០១៧នេះ ។

រដ្ឋមន្រ្ដីថ្លែបន្ដថា «ឆ្មបបានដើរជាតួនាទីយ៉ាងសំខាន់ ក្នុងការជួយស្ដ្រី និងទារក ចាប់ផ្ដើមពីពេលស្ដ្រីរៀបការរួច ដល់ពេលមានគភ៌ ពេលសម្រាលកូន និងរហូតដល់៤២ថ្ងៃ ក្រោយពីម្រាលរួច ត្រូវផ្ដល់ប្រឹក្សាអំពីការមានកូនតាមប្រាថា្ន ការពិនិត្យថែទាំគភ៌ ឲ្យបានយ៉ាងតិចណាស់បួនដង ដើម្បីថែទាំគភ៌ និងសម្រាលកូន ប្រកបដោយសុវត្ថិភាព ការថែទាំក្រោយសម្រាលទាំង មាតាទាំងទារកការចិញ្ចឹម បីបាច់ទារក ការពន្យារកំណើត និងតៀមសម្រាប់​ការមានគភ៌ជាថ្មីទៀត គឺឆ្មបជាអ្នកប្រឹក្សាយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ដែលនេះជាកត្ដា ដែលឆ្មបត្រូវតែ​ពង្រឹងនូវសមត្ថភាព និងជំនាញឲ្យបានច្បាស់លាស់»

ទន្ទឹមនឹងនោះ លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានបជ្ឈមណ្ឌលជាតិ គាំពារមាតា​និងទារក បានថ្លែងផងដែរថា «ជាការពិតណាស់ឆ្មប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយមរណៈភាពមាតា និងទារក និងពង្រឹងសុខភាពមាតា​និងទារក ដូច្នេះ យើងទាំងអស់ នឹងរួមគ្នាក្នុងការពង្រឹងសមត្ថភាព និងជំនាញដល់ពួកគាត់ ទូទាំង២៥ខេត្ដ-ក្រុង ។ បើគិតពីចំនួនឆ្មបទាំងអស់ ដែលកំពុងបម្រើការងារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស បានកើន​រហូតដល់ទៅ ៦,៤៧៥នាក់ ក្នុងឆ្នាំ២០១៦ បើប្រៀបធៀបនឹងឆ្នាំ២០១៥ មានត្រឹមតែ៥,៤១២នាក់ប៉ុណ្ណោះ។

ព្រមជាមួយគ្នានោះ កញ្ញា ម៉ារីណា​និស្សិតឆ្នាំទី០៤ នៅសាលាបច្ចេកទេស ថែទាំវេជ្ជសាស្ដ្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ​សុខាភិបាល ផ្នែកឆ្មប បានថ្លែងប្ដេជ្ញាថា «ក្នុងនាមខ្ញុំជានិស្សិតផ្នែកឆ្មបម្នាក់ ខ្ញុំនឹងពង្រឹង ចំណេះជំនាញ ឲ្យកាន់តែខ្លាំង ដើម្បីចូលបម្រើការងារវិស័យសុខាភិបាល និងជួយដោះស្រាយរាល់បញ្ហារបស់ស្ដ្រី និងទារក ទាំងមុនពេលមានគភ៌ និងក្រោយសម្រាលហើយ ឲ្យមានប្រសិទ្ធិភាពខ្ពស់»