(ភ្នំពេញ)៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់​ក្នុងរយៈពេលតែមួយខែទៀតនោះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាអ្នកស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។

ក្នុងលិខិតរំលេចពីជំនួយសំខាន់ៗរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការធ្វើកំណែទម្រង់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលទ្វេភាគីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសំណើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីស្នើសុំការគាំទ្រលើកំណែទម្រង់ការបោះឆ្នោត។ ឆ្លើយតបការស្នើសុំក្នុងកិច្ចប្រជុំកំពូលនាខែធ្នូ ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសបញ្ជូនក្រុមអង្កេតរបស់អង្គការ JICA ដើម្បីសិក្សា ស្ថានភាព និងកំណត់នូវអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ការបោះឆ្នោត»

ក្នុងលិខិតបានបញ្ជាក់បន្ថែមថា ឆ្លើយតបនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះមានដូចជា៖ ការចុះឈ្មោះបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការគណនាលទ្ធផលដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការអប់រំអ្នកបោះឆ្នោត។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុន ក៏កំពុងផ្តល់ជំនួយសម្រាប់កំណែទម្រង់ការបោះឆ្នោត តាមរយៈការផ្តល់អនុសាសន៍ផ្នែកបច្ចេកទេស និងផ្តល់អ្នកជំនាញអង្គការ JICA ជួយដល់ផ្នែកបច្ចេកទេសផងដែរ។

រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់នូវឧបករណ៍បច្ចេកទេសជាច្រើនផ្សេងទៀត សម្រាប់គាំទ្រដល់ផ្នែកបច្ចេកទេស​នៃការធ្វើកំណែទម្រង់បោះឆ្នោតនេះ។

ការធ្វើកំណែទម្រង់ថ្មីនៃការបោះឆ្នោត ជាពិសេសការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា​ទំនើបបានធ្វើឲ្យគ្រប់ គណបក្សនយោបាយ រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផងដែរ កោតសរសើរ និងរំពឹងថា ការបោះឆ្នោតអាចទទួលយកបាន និងប្រព្រឹត្តទៅក្នុងភាព ល្អប្រសើរជាងការបោះឆ្នោតនាអាណត្តិកន្លងទៅ។

រដ្ឋាភិបាលជប៉ុន ដែលជាម្ចាស់ជំនួយដល់ការបោះឆ្នោតដ៏ធំមួយ ក៏បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងសន្តិភាព ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនសង្ឃឹមថា ការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជានឹងប្រព្រឹត្តទៅប្រកប ដោយភាពសេរី យុត្តិធម៌ និងសន្តិភាពដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»

ក្រៅពីការរំពឹងថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តដោយភាពល្អប្រសើរហើយនោះ រដ្ឋាភិបាលជប៉ុន ក៏បានជូនពរដល់​ប្រទេសកម្ពុជា ឲ្យុំមានការរីកចម្រើនជាបន្តទៅទៀត និងជួបតែសុភមង្គល។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ហើយ។ គណបក្សនយោបាយចំនួន១២ ជាមួយបេក្ខភាពក្រុមប្រឹក្សា ឃុំសង្កាត់ សរុបជាង ៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួត ប្រជែង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ប្រជាពលរដ្ឋជិត ៨លាននាក់ បានចុះឈ្មោះបោះឆ្នោត​លើប្រជាពលរដ្ឋដែល គ្រប់អាយុបោះឆ្នោតសរុបជាង ៩លាននាក់៕