(ភ្នំពេញ)​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ស្អែក​នេះ​ តុលាការក្រុងភ្នំពេញ នឹង​ប្រកាស​សាលក្រម ចំពោះសំណុំ​រឿង​បាញ់​សម្លាប់​ ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ កាលពីឆ្នាំ២០១៤។​ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។

សាលក្រម​នេះ​ នឹង​ត្រូវ​ប្រកាស​ក្នុង​សាល​សវនាការ​ទី​១​ ជាន់​ទី​១​ នៃ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​សវនាការ​ជា​ច្រើន​លើក​ លោក​ ថោង​ សារ៉ាត់​ ដែលតុលាការចោទថា ជាមេខ្លោងក្នុងការបាញ់សម្លាប់នេះ ពុំ​ដែល​មាន​វត្តមាន​ក្នុងសវនាការឡើយ​ ដោយ​លោក​មេធាវី​ គា​ អ៊ាវ​ អះអាងថា​ លោក​ថោង​ សារ៉ាត់​ មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។

លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៨និង​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​ រីឯ​ក្រុម​អង្គរក្ស​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត ​និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​។

សូមបញ្ជាក់ថា ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ថោកែក្រុមហ៊ុនស៊ីម៉ងតិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕