(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមាន​ការវិនិយោគដោយផ្ទាល់ច្រើនជាងគេបំផុតពីជប៉ុនមកកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៨២២លាន​ដុល្លារអាមេរិក និងស្នើឲ្យជប៉ុនបន្តបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជំនួប​ពិភាក្សាការងារជាមួយ​គណៈប្រតិភូជប៉ុន​ដឹកនាំដោយ លោក ណូបឹអូ គីស៊ី (Nobuo Kishi) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន នៅសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានលារចូលរួមពីសំណាក់លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឹឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, មន្ត្រីនៃក្រសួង​ការបរទេសជប៉ុន, មន្ត្រីស្ថាន​ទូតជប៉ុន, និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ក្នុងជំនួបនោះ លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការ​ចំណាយពេលវេលារបស់លោក​ ណូបឹអូ គីស៊ី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានមកជួបពិភាក្សាការងារ​ដោយផ្ទាល់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ទាប់មកទៀត លោក សុខ ចិន្តាសោភា បានបង្ហាញនូវការអបអរសាទរចំពោះជោគជ័យនៃ​ប្រតិបត្តិការកន្លងទៅរបស់បណ្ដាក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្ដែងការវិនិយោគរបស់ក្រុមហ៊ុនអ៊ីអន (Aeon) ក្នុងការបង្កើតផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ភ្នំពេញ ដែលទីតាំងទី១ត្រូវបានសាងសង់លើ​ផ្ទៃដីទំហំ ៦៨០០០ម៉ែត្រការេ និងបានកំពុងពង្រីកសកម្មភាពលើទីតាំងទី២ លើផ្ទៃដីទំហំ ១០០០០០ម៉ែត្រការេ ដែលនឹងបើកឱ្យដំណើរការនៅឆ្នាំ២០១៨ ព្រមជាមួយនឹងគម្រោងបើកហាងទំនិញជប៉ុន (grocery stores) ចំនួន ៣០កន្លែងទៀតផងនៅឆ្នាំខាងមុខ។ ជោគជ័យ​នៃការវិនិយោគរបស់ក្រុមហ៊ុននេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះ​ទេ គឺថែមទាំងបានបង្ហាញពីកំណើននៃចំនួនប្រជាជនដែលមានចំណូលមធ្យម (Middle-class) ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុនថា បន្ថែមពីលើតួលេខគម្រោងវិនិយោគដែល​បានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅមានគម្រោងវិនិយោគផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់មជ្ឈដ្ឋានជប៉ុន និងអ្នកវិនិយោគជប៉ុន គឺការកើនឡើងជាបន្តបន្ទាប់នៃភោជនីយដ្ឋានជប៉ុនរហូតដល់ ២០០ កន្លែង​នៅរាជធានីភ្នំពេញ និងជាង ៥០ កន្លែងនៅខេត្តសៀមរាប, ការចាប់ផ្ដើម​ប្រតិបត្តិការរបស់ធនាគារមីស្សូហូ (Mizuho) នៅកម្ពុជា, ប្រតិបត្តិការហោះហើរ​ផ្ទាល់​ភ្នំពេញ-តូក្យូរបស់ក្រុមហ៊ុនអាណា (ANA) ជាដើម។ វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនការងារធ្វើ​ជូនប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា​ ការដាំដើមឈើ ការជួយដល់ជនពិការ ការចូលរួមក្នុងការកម្ចាត់មីន និងការសាងសង់សាលារៀនជាដើម។

ជាពិសេសទៅទៀតនោះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមាន​ការវិនិយោគដោយផ្ទាល់ច្រើនជាងគេបំផុតពីជប៉ុនមកកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៨២២លាន​ដុល្លារអាមេរិក។ ដើម្បីជំរុញការវិនិយោគកាន់តែច្រើនថែមទៀត ដូចដែល​បាន​ចង្អុល​បង្ហាញ​ក្នុងគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ លោករដ្ឋមន្ត្រី បាន​ស្នើសុំដល់ភាគីជប៉ុន ពិនិត្យលទ្ធភាពផ្ដល់ជំនួយបច្ចេកទេសក្នុងការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់​សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងការកសាងសមត្ថភាព មន្ត្រីជំនាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាក្នុងការរៀបចំគោលនយោបាយ។

​លោក ណូបឹអូ គីស៊ី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧,៧%ក្នុងអំឡុងជាង២ទសវត្សរ៍ចុងក្រោយនេះ។

លោក​ក៏​បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាង និងដោះស្រាយ​បញ្ហាប្រឈម​នានារបស់អ្នកវិនិយោគជប៉ុន ដោយបានអនុវត្តនូវយន្តការនានា ជាពិសេសកិច្ចប្រជុំជាទៀងទាត់ ២ដង​ក្នុងមួយឆ្នាំនៃគណៈកម្មការចម្រុះកម្ពុជា-ជប៉ុន។

លោកអនុរដ្ឋមន្ត្រីជប៉ុន ក៏បានឆ្លើយតបជាវិជ្ជមានទៅ​នឹងសំណើរបស់លោក សុខ ចិន្ដាសោភា ដោយបញ្ជាក់ថា ភាគីជប៉ុននឹងពិចារណាលម្អិតលើលទ្ធភាពក្នុងការចូលរួមបង្កើត​ក្រុមប្រឹក្សាផ្ដល់យោបល់​សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។

​ជាកិច្ចបញ្ចប់ លោកអនុរដ្ឋមន្ត្រីជប៉ុន បានសន្យាថានឹងបន្តលើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុន​មកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕