(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានលើកឡើងពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប នៅតំបន់ព្រៃកោងកាង និងតំបន់ទេសចរណ៍សហគមន៍នៅកម្ពុជា ជម្រាបប្រាប់លោក AKIHIKO TAMURA អគ្គលេខាធិការអង្គការទេសចរណ៍ជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងគោលបំណងដើម្បីទាក់ទាញលំហូរវិនិយោគ ពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ មកចូលរួមអភិវឌ្ឍន៍តំបន់ទេសចរណ៍ទាំងនេះ ឲ្យកាន់តែមានភាពទាក់ទាញទ្វេឡើង។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក AKIHIKO TAMURA នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ថោង ខុន បានថ្លែងអំណរគុណចំពោះការចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា «Cambodia Tourism Roadshow» នៅទីក្រុងតូក្យូ និងបានអរគុណចំពោះកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយជំរុញទេសចរជប៉ុន មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ដែលបច្ចុប្បន្ន មានការហោះហើរត្រង់រវាងទីក្រុងតូក្យូ-ភ្នំពេញ រួចហើយ។

លោករដ្ឋមន្រ្តីក៏បានជម្រាបជូនលោកអគ្គលេខាធិការ TAMURA ផងដែរថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើន នឹងត្រូវធ្វើការអភិវឌ្ឍថែមទៀត ប្រកបដោយស្តង់ដារ និងបម្រើសេវាសមស្របជាមួយទីផ្សារជប៉ុន ក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្ស និងការយល់ដឹងពីទីផ្សារទេសចរណ៍ជប៉ុន និងចរិតលក្ខណៈ ដែលផ្នែកសាធារណៈ និងឯកជន ត្រូវខិតខំអភិវឌ្ឍ រួមទាំងផលិតផល និងសម្បទាទេសចរណ៍ផងដែរ។

លោកអគ្គលេខាធិការ AKIHIKO TAMURA បានគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយ «Cambodia Tourism Roadshow» និង «Cambodia Festival 2017» ដែលជាផ្នែកមួយនៃការជំរុញផ្នែកធុរកិច្ច និងផ្សារភ្ជាប់ការប្រាស្រ័យទាក់ទងគ្នាកាន់តែស្និទ្ធស្នាល រវាងប្រជាជនទាំងពីរ។ ចំនួនទេសចរធ្វើដំណើរទៅ-មក ជប៉ុន-កម្ពុជា នៅមានចំនួនទាបនៅឡើយ ដែលត្រូវជំរុញការផ្សព្វផ្សាយឲ្យបានច្រើនថែមទៀត។

ប្រជាជនជប៉ុនមានការចាប់អារម្មណ៍ពីប្រពៃណី និងវប្បធម៌កម្ពុជា ក្នុងនោះក៏មានម្ហូបអាហារខ្មែរ ដែលមានរសជាតិឆ្ងាញ់ និងចង់ឃើញមានភោជនីយដ្ឋានបម្រើម្ហូបខ្មែរ នៅប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ ព្រមទាំងទាក់ទាញទេសចរឲ្យទៅទស្សនាកម្ពុជា។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងពិចារណាធ្វើការហោះហើរទៅកាន់គោលដៅផ្សេងទៀត មានសៀមរាបអង្គរ នាពេលអនាគត។

លោករដ្ឋមន្រ្តី ថោង ខុន បានស្នើសុំភាគីជប៉ុនដែលមានបទពិសោធន៍ខ្ពស់ និងបានជំរុញឲ្យជួយគាំទ្រក្នុងការអភិវឌ្ឍន៍​វិស័យអេកូទេសចរណ៍ ដែលកម្ពុជាមានសក្តានុពល ដូចជា តំបន់ព្រៃកោងកាង និងទេសចរណ៍សហគមន៍ជាដើម។ ជាការឆ្លើយតប លោកអគ្គលេខាធិការ បានគាំទ្រចំពោះការអភិវឌ្ឍន៍វិស័យនេះ ដែលរួមចំណែកថែរក្សាបរិស្ថាន និងវប្បធម៌។

សូមជម្រាថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់​ កើនឡើង ៥% ក្នុងនោះទេសចរជប៉ុនមាន ជិត២០ម៉ឺននាក់ ហើយនៅក្នុងរយៈពេល២ខែ​ដើម​ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ ១.៣​លាននាក់ ព្រមជាមួយទេសចរជប៉ុន​​ ជាង៤ម៉ឺននាក់ កើនឡើង​ ១៤%​ ព្រមជាមួយនោះទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុនមានចំនួន ១២,០០០នាក់ ផងដែរ ក្នុងឆ្នាំ២០១៦។  ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួល​បានទេសចរ​អន្តរជាតិ​ប្រមាណ ៥.៤លាននាក់ និងឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយក្នុងនោះរំពឹងថា នឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់ដែរ៕