(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រវាងកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) នៅមានទំនាក់ទំនងរយៈពេលវែងឆ្ងាយទៀត ព្រោះកម្ពុជាមានឆន្ទៈក្នុងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដើម្បីនាំការរីកចម្រើននៃវិស័យអទិភាពមួយនេះ ឲ្យកាន់តែខិតគៀកជិតជាមួយប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយតំណាងអង្គការ ILO លោកស្រី Zenda Ofir នៅទីស្ដីការក្រសួងាការងារ ស្តីពីការវាយតម្លៃកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ដែលអង្គការ ILO បានអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ នាពេលកន្លងមក។

លោកថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគាំទ្រចំពោះការវាយតម្លៃនេះ (វាយតម្លៃកម្មវិធីការងារសមរម្យនៅកម្ពុជា) ព្រោះកម្ពុជាមានឆន្ទៈក្នុងការអនុវត្តច្បាប់ និងបទដ្ឋាននានា សំដៅលើកស្ទួយសិទ្ធរបស់កម្មករនិយោជិត និងបង្កើនសមធម៌ ក្នុងការទទួលបានសេវាថែទាំសុខភាព ប្រព័ន្ធសន្តិសុខសង្គម និងការអនុវត្តសិទ្ធរបស់កម្មករនិយោជិត ដើម្បីបង្កើនសុខដុមរមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ»

លោក អ៉ិត សំហេង បានបន្តថា ក្រសួងាការងារបានចូលរួមរួចមកហើយ ទៅនឹងគោលដៅអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា SDG ដែលគោលដៅនេះ អង្គការ ILO ក៏មានពាក់ព័ន្ធជាមួយ SDG នេះផងដែរ ហើយអង្គការ ILO ក៏ជាផ្នែកមួយរបស់អង្គការសហប្រជាជាតិដែរ។

ចំណែក ក្នុងក្របខណ្ឌគោលនយោបាយជាតិរបស់កម្ពុជា ដូចជា គោលនយោបាយស្ដីពី ការអភិវឌ្ឍឧស្សាហកម្ម, គោលនយោបាយស្ដីពី មុខរបរ និងការងារ ជាដើម ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីអ្វីដែលជាក្របខណ្ឌ និងយុទ្ធសាស្រ្តនានា ដែលនឹងបន្តអនុវត្តនាពេលខាងមុខ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ដូចជាបង្កើនឱកាសការងារ បង្កើនការអនុវត្តសិទ្ធិការងារ លើកកម្ពស់ផ្នែករបបសន្តិសុខសង្គម ព្រមទាំងការទទួលផលដោយសមធម៌នៅកន្លែងការងារជាដើម។

លោកស្រី Zenda Ofir បានសង្ឃឹមយ៉ាងមុតមាំថា ការវាយតម្លៃកម្រិតខ្ពស់នេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៨មក កម្ពុជាបានអនុវត្តគម្រោងការងារសមរម្យ ចំនួន៤លើកហើយ ពោលគឺបានចុះហត្ថលេខាអនុវត្តការងារនេះលើកចុងក្រោយ ចាប់ឆ្នាំ២០១៦-២០១៨ ដែលគម្រោងនេះ ត្រូវបានអនុវត្តឡើងដើម្បីបង្កើនភាពជាដៃគូជាមួយអង្គការ ILO ផ្តោតលើអទិភាពចំនួន៣ រួមមាន៖ ១.ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ, ២.ការលើកកម្ពស់បរិយាកាសអំណោយផល ដើម្បីកំណើនការងារសមរម្យ និងសហគ្រាសប្រកបដោយចីរភាព ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្សវ័យក្មេង និង៣.ការពង្រឹង និងធ្វើឲ្យប្រសើរឡើង នូវកិច្ចគាំពាសង្គម រួមទាំងសុខភាព និងសុវត្ថិភាពការងារ៕