(ភ្នំពេញ)​៖​ នៅរសៀលថ្ងៃទី​២​ ខែឧសភា​ ឆ្នាំ២០១៧​នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី​៣​ ជូន​លោកតា​ សួន​ ម៉ាប់​ (ហៅ​ សួន​ សាន)​ អាយុ​ ៦៩ឆ្នាំ​ ជាគ្រូបង្រៀនចាប៊ីដងវែង​ និងជាម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលាភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២​ ដែលមានជំងឺ​ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អំពីការគិតគូរពីបញ្ហាសុខភាពរបស់លោកតា ជាសិល្បករជើងចាស់​ ហើយដែលបានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​ និងសូមជូនពរឲ្យលោកតា ឆាប់បានជាសះស្បើយពីជំងឺ។

កូនប្រុសទី​ ៥​ របស់លោកតា​ សួន​ សាន​ ដែល មកទទួលអំណោយនាពេលនោះ​ បានសំដែងក្តីរំភើប​ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ​ចំពោះទុក្ខ​លំបាកគ្រួសាររបស់លោកតា និងតែងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា បានចំនួន​ ៣លើករួចមកហើយ។

សូមបញ្ជាក់ថា​ លោកតា​ សួន សាន ដែលត្រូវ បានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ហើយដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតា​ បានធ្លាក់ខ្លួនឈឺដើរពុំរួច ក្នុងអំឡុងឆ្នាំ២០១៤ បន្ទាប់ពីលោកតា ត្រឡប់មកពីច្រៀងចាប៉ីនៅប្រទេសចិនបានជាងមួយខែ នៅពេលនោះហើយធ្វើឱ្យជីវភាពរបស់គ្រួសារលោកតា ធ្លាក់ចុះដុនដាបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ៕