(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បង្ហាញបំណងចង់បង្កើតស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប ដើម្បីផ្តល់សេវា ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងមានកំណើននៅលើទឹកដីខេត្តសៀមរាបទាំងផ្នែកទេសចរណ៍ និងវិនិយោគ។

បំណងបង្កើតអគ្គកុងស៊ុលនេះ ត្រូវបានបង្ហាញដោយលោក NOBUO KISHI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក្នុងពេលចូលជួបសម្តែងការ គួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ ចំពោះរដ្ឋាភិបាលជប៉ុន ក្នុងការបង្កើតស្ថានកុងស៊ុលនៅខេត្តសៀមរាប ហើយបានចាត់ទុកថា ការបើកការរិយាល័យ ស្ថានកុងស៊ុលនេះ ជាផ្នែកមួយក្នុងការបង្កើនចំនួនភ្ញៀវទេសចរ ជប៉ុនមកទស្សនានៅកម្ពុជា ក៏ដូចជាបង្កើនឡើង នូវការផ្តាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោទុនរវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជា ទទួលបានទេសចរជប៉ុន ១៩១,៥៧៧នាក់ កើន ០.៩% ហើយក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរជប៉ុន ៤០,៧២០ កើនឡើង១៤.១%។

កម្ពុជារំពឹងថា នឹងបានទទួលកំណើនភ្ញៀវទេសចរជប៉ុនបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បង្កើតស្ថានកុងស៊ុល នៅខេត្តសៀមរាបឆ្នាំ២០១៧ខាងមុខ៕