(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅវេលាម៉ោង៩៖០០យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក» នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

នេះជាកិច្ចប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាមេរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាច កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។​

ក្រសួងការបរទេសកម្ពុជា មានការរំពឹងថា កិច្ចប្រជុំនេះនឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម នឹងរឹងមាំរបស់ភាគី ទាំងពីរក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅ ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំ អាស៊ានតម្លើងមកជាដៃគូយុទ្ធសាស្រ្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់អាស៊ាន។

នៅក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់អាមេរិកផងដែរ៕