(ភ្នំពេញ)៖ នៅក្នុងសន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា «Cambodia Tourism Roadshow» នៅទីក្រុងតូក្យូ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយ លោក Hirofumi Nakasone សមាជិកសភានិងជាប្រធានសម្ព័ន្ធតំណាងរាស្ត្រជប៉ុន-អាស៊ាន។  ភាគីជប៉ុន បានសម្តែងការរីករាយពេញចិត្ត ចំពោះការរីកចម្រើនរបស់កម្ពុជា និងបានសម្តែងការបន្តការគាំទ្រ ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះ ការបន្តរួមគ្នាផ្សព្វផ្សាយពីទេសចរណ៍ រវាងប្រទេសទាំងពីរ ជំរុញអ្នកវិនិយោគ និងទេសចរជប៉ុនមកកម្ពុជា និងទេសចរកម្ពុជាទៅជប៉ុន ផងដែរ។

លោក ថោង ខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានគាំទ្រកម្ពុជា រាប់ចាប់តាំងពីការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ព្រមទាំងជំនួយ និងការជំរុញទេសចរណ៍ និងវិនិយោគ។ ទេសចរជប៉ុនមកទស្សនាកម្ពុជាមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីការហោះហើរត្រង់ពីទីក្រុងតូក្យូ មកភ្នំពេញ។

លោក Hirofumi Nakasone បានគាំទ្រចំពោះការជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ដែលក្នុងកំឡុងសប្តាហ៍នេះ Cambodia Tourism Roadshow និង Cambodia Festival ជាការជំរុញផ្នែកធុរៈកិច្ច និងផ្សាភ្ជាប់ការប្រាស្រ័យទាក់ទងគ្នា កាន់តែស្និទ្ធស្នាលរវាងប្រជាជនទាំងពីរ។

ប្រធានសម្ព័ន្ធសភាជប៉ុន-អាស៊ាន បានស្នើដល់ លោករដ្ឋមន្រ្តី ថោង ខុន និងដែលជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជា គាំទ្របញ្ជូនកីឡាករ មកចូលរួមអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ផងដែរ។ លោករដ្ឋមន្រ្តី បានសន្យាថា នឹងខិតខំបញ្ជូនកីឡាករមកចូលរួមប្រកួតនៅអូឡាំពិកទីក្រុងតូក្យូក្នុងឋានៈជាកីឡាករពេញសិទ្ធិ ជាពិសេសកម្ពុជាសព្វថ្ងៃនេះ កំពុងពង្រឹងសហព័ន្ធកីឡាការ៉ាតេដូ ផងដែរ។

គួរបញ្ជាក់ថា លោក Hirofumi Nakasone និងលោក NatsuoYamagushi ជាសមាជិកសភាសកម្​មក្នុងបេសកកម្មបោស​សំអាតមីននៅកម្ពុជា ចាប់តាំងពីទសវត្សឆ្នាំ៩០ និងធ្លាប់បានចូលរួមសម្ភោធសម្ភារៈ និងម៉ាស៊ីនដោះមីននៅកម្ពុជាផង។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនជាង៥លាននាក់ កើនឡើង៥% ក្នុងនោះទេសចរជប៉ុនមានចំនួន ជិត២០ម៉ឺននាក់ ហើយនៅក្នុងរយៈពេល០២ខែដើមឆ្នាំ ២០១៧ កម្ពុជាទទួល​បានទេសចរអន្តរជាតិចំនួន ១,៣ លាននាក់  ព្រមជាមួយទេសចរជប៉ុនចំនួន ជាង៤ម៉ឺននាក់ កើនឡើង១៤% ព្រមជាមួយនោះ ទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុន ចំនួន ១ម៉ឺន ២ពាន់នាក់ ផងដែរក្នុងឆ្នាំ ២០១៦។  ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ និងឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរ អន្តរជាតិប្រមាណ ៧លាននាក់ ដោយក្នុងនោះរំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់៕