(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មាននៅកម្ពុជា ស.ស.ស.ក រួមជាមួយសមាជិក សមាជិកា និងគ្រួសារអ្នកសារព័ត៌មាននៅកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមថ្លែងសារ៩ចំណុចសំខាន់ៗ ដើម្បីអបអរសាទរដល់ ទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ០៣ ខែឧសភា។

សេចក្តីថ្លែងការណ៍ទាំង៩ចំណុចរបស់ ស.ស.ស.ក រួមមាន៖

១៖ យើងទាំងអស់គ្នាសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធរៀមច្បងអ្នកសារព័ត៌មាន ដែលបានលាចាកលោកទៅ ហើយ បំពេញបេសកកម្ម ក្នុងវិជ្ជាជីវៈសារព័ត៌មានដើម្បីបុព្វហេតុសេរីភាព សន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍរបស់សង្គមជាតិ។

២៖ ស.ស.ស.ក សូមវាយតម្លៃខ្ពស់ចំពោះស្ថានភាពកាន់តែប្រសើរឡើង នៃសេរីភាពសារព័ត៌មាននៅកម្ពុជា

៣៖ ស.ស.ស.ក សូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យបន្តបេសកកម្មរបស់ខ្លួន តាមក្របសីលធម៌ វិជ្ជាជីវៈ ផ្តល់តែព័ត៌មានត្រឹមត្រូវ ថ្លៃថ្នូរ ដើម្បីរួមចំណែកផ្តល់ព័ត៌មានប្រកបដោយគុណភាពក្នុងការកសាងសង្គម «យុត្តិធម៌និងសន្តិភាព»។

៤៖ ស.ស.ស.ក សូមអំពាវនាវដល់អង្គភាព ស្ថាប័ន និងក្រុមហ៊ុន ដែលអាជីវកម្មសារព័ត៌មាន មេត្តាពិនិត្យផ្តល់​ប្រាក់បៀវត្សរ៍ឲ្យបានកាន់តែប្រសើរឡើង ធ្វើកិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងផ្តល់ឱកាសដល់​អ្នកសារព័ត៌មាន និងអ្នកទាំងឡាយដែលបានបម្រើការក្នុងឧស្សហកម្មផ្សព្វផ្សាយ បានបណ្តុះបណ្តាលពុទ្ធិ និងជំនាញបន្ថែមជាប្រចាំ។

៥៖ ស.ស.ស.ក សូមអំពាវនាវ ដល់ស្ថាប័នផ្លូវការនានា និងស្ថាប័នគ្រប់គ្រង ព្រំទាំងការិយាល័យ អ្នកនាំពាក្យបង្កើត «វេទិកាស្និសីទសារព័ត៌មាន» ឲ្យបានទៀងទាត់យ៉ាងហោច០១ខែម្តង ដើម្បីឲ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានពេញលេញ សម្រាប់ការផ្សព្វផ្សាយជូនសាធារណជន។

៦៖ ស.ស.ស.ក ក៏សូមសំណូមពរដល់ស្ថាប័នរដ្ឋជាពិសេសក្រសួងពាក់ព័ន្ធ សូមមេត្តាចូលរួម​ចំណែកក្នុងកិច្ចការបណ្តុះបណ្តាល និងវិក្រិត្យការដល់អ្នកសារព័ត៌មានផងដែរ។

៧៖ ស.ស.ស.ក សូមអំពាវនាវដល់អង្គភាព ស្ថាប័នទាំងអស់មេត្តាបង្កឱកាស សហការ សម្របសម្រូល និងផ្តល់លទ្ធភាពឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន និងទទួលបានព័ត៌មានបានពេញលេញ។

៨៖ ស.ស.ស.ក សូមលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានកសាងនូវជាដៃគូ ជាអ្នកនាំពាក្យ និងមន្រ្តីកិច្ចការសាធារណៈ ដើម្បីប្រយោជន៍ ទទួលបានព័ត៌មានពេញលេញ សម្រាប់ការផ្សព្វផ្សាយដែលកាន់តែមានគុណប្រយោជន៍ ដល់សាធារណជន។

៩៖ ស.ស.ស.ក មានជំនឿថា នៅពេលដែលសង្គមមួយពោរពេញដោយព័ត៌មានត្រឹមត្រូវ នោះប្រជាជនរបស់សង្គមនោះ នឹងមានការសម្រេចចិត្តបានត្រឹមត្រូវល្អប្រសើរ ធ្វើឲ្យសង្គមមានសន្តិភាព ស្ថេរភាព ការផ្សះផ្សា និងការអភិវឌ្ឍ។ យើងមានជំនឿថា «អ្នកសារព័ត៌មានភ្លឺ សង្គមភ្លឺ»៕