(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ក្រុបពេទ្យឆ្មបទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាព និងបំពេញការងារប្រកបដោយគុណធម៌ ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ ការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងតាមរយៈលិខិតចូលរួមអបអរសាទរទិវាឆ្មបជាតិថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧភា ឆ្នាំ២០១៧នេះ។

ក្នុងសារលិខិតនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ឆ្មបដែលទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ មានឧបករណ៍ពេទ្យ សម្ភារៈគ្រប់គ្រាន់ និងមានការជួយគាំទ្រផងនោះ អាចជួយបង្ការការស្លាប់របស់មាតា និងទារកបានយ៉ាងច្រើន ជាអតិបរមា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា ឆ្មបមិនត្រឹមតែជួយសម្រាលកូនប៉ុណ្ណាទេ ឆ្មបជួយផ្តល់សេវាសុខភាពបន្តពូជ ការថែទាំក្រោយរលូត-រំលូត ទប់ស្កាត់ ការចម្លងរោគពីមាតាទៅកូន និងផ្តល់សេវាពន្យារកំណើតផង។ ឆ្មបជាអ្នកគោរពវប្បធម៌ ប្រពៃណី និងសាសនានៅក្នុងសហគមន៍ និងជាអ្នកធ្វើឲ្យមានការប្រើប្រាស់សេវាកម្មនៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យកាន់តែច្រើនឡើង។

«ដើម្បីបំពេញបានតាមតម្រូវការរបស់ប្រទេសជាតិ និងតាមតម្រូវការរបស់ស្ត្រីគ្រប់រូប ក្រុមឆ្មបជំនាញគួរខិតខំបង្កើនសមត្ថភាព យល់ដឹងឲ្យបានច្រើន និងជាប្រចាំ ដើម្បីអនុវត្តន៍ការងារទៅតាមជំនាញបច្ចេកទេសត្រឹមត្រូវ ផ្តល់សេវាសុខភាពដោយយកចិត្តទុកដាក់ ប្រកបដោយគុណធម៌ ទទួលខុសត្រូវខ្ពស់ក្នុងការងារ និងសហការគ្នា ដើម្បីប្រយោជន៍សុខភាពស្ត្រី និងគ្រួសារ»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់បន្ថែម។

ទន្ទឹមនឹងការអំពាវនាវដល់ពេទ្យឆ្មបឲ្យពង្រឹងសមត្ថភាពហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានមើលឃើញដែរថា ការពង្រឹងប្រព័ន្ធ សុខាភិបាលឲ្យកាន់តែរឹងមាំ ក៏ជាការងារត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាថាស្រ្តីគ្រប់រូបទទួលបាន នូវការថែទាំសុខភាព ពីឆ្មបជំនាញ។ ក្នុងស្មារតីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ឲ្យមានការគាំទ្របន្តវិនិយោគជាប្រចាំទៅលើអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មប ដើម្បីជយយសង្រ្គោះជីវិតស្រ្តីជាមាតា ទារកនិងកុមារនៅ កម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា មានជំនឿងចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តផ្តល់លទ្ធភាព និងជំរុញការងារក្នុងវិស័យសុខាភិបាល ជាពិសេសការងារសុខភាពមាតា ទារក និងកុមារឲ្យកាន់តែប្រសើរទ្វេឡើង៕