(ភ្នំពេញ)៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហាញក្តីសង្ឃឹមថា ការបោះបង្គោលព្រំដែនដែលនៅសេសសល់របស់កម្ពុជា-វៀតណាម នឹងសម្រេចបាន នៅពេលដ៏ខ្លីខាងមុខនេះ។

ការបញ្ជាក់បែបនេះរបស់ លោកនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងនាគ្រាដែលលោក ជួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ខណៈដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ។

ក្នុងជំនួបនោះ លោក ង្វៀន សួនហ្វ៊ុក បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាថា ចំពោះបញ្ហាបោះបង្គោលព្រំដែន ប្រទេសកម្ពុជា-វៀតណាម បានសហការរវាងគូរភាគីទាំងពីរ  រៀបចំបានប្រមាណជាង៩៤% ហើយ ... ចំពោះចំណុចសេសសល់សង្ឃឹមថា ភាគីទាំងពីរ នឹងសម្រេចបាន នាពេលដ៏ខ្លីខាងមុខនេះ។

សម្តេច សាយ ឈុំ បានបង្ហាញការគាំទ្រនូវរាល់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-វៀតណាម ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាព សម្រាប់ប្រទេសទាំង២ និងបន្តការអភិវឌ្ឍន៍ប្រទេសទាំង២ប្រកបដោយចីរភាព និងនិរន្តភាព ក៏ដូចជារួមចំណែកដល់ការថែរក្សាសន្តិសុខ ស្ថេរភាពក្នុងតំបន់ ក៏ដូចជាអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល៕