(កំពង់ស្ពឺ)៖ ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខរៀង​ទី៧ ​ប្រចាំ​នៅ​ឃុំ​កាត់ភ្លុក ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់ស្ពឺ ​លោក ​វួ​ក ​ធួន ​បានសម្រេច​ចិត្ត​ដោះអាវ ​និង​លាលែង​ពី​ប្រធាន​យុវជន ​និង​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ ​ងាក​មក​ចូលរួម​រស់​ជីវភាព​​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ​ដោយ​លើកឡើង​ថា ​បក្ស​ប្រឆាំង​ពុករលួយ ​បក្ខពួក​និយម ​សន្យា​បានតែមាត់​។​

លោក ​វួ​ក ​ធួន ​បាន​ថ្លែង​ថា ​ការដែល​លោក​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិនេះ ​ក៏ដោយ​សារ​គណបក្ស​នេះ​ពុករលួយ ​បក្សពួកនិយម ​អ្នកធ្វើ​តិច​បានផល​ច្រើន ​ឯ​អ្នក​ខំប្រឹង​គ្មាន​លុយ​ឱ្យ​ថ្នាក់លើ ​និង​មិន​ពូ​កែ​ឯប​អប​មេ​កើយ ​មិនដែល​បានផល ​និង​ត្រូវ​គេ​ទុកចោល​ទៀតផង ​ហើយ​លោក​បាន​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង ​របស់​គណបក្សប្រជាជន​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ​និង​ជាគ​ណ​បក្ស​មាន​សាមគ្គីភាព ​និង​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ខ្ពស់ ​ទើប​លោក​សម្រេចចិត្ត​មក​រួមរស់​ជាមួយ​តែម្ដង​។​

ពិធី​ទទួល​សមាជិក​បក្ស​ថ្មីនេះ ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ​លោក ​ហេង ​សុខ​គង់ ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ ​ទទួលបន្ទុក​ឃុំ​កាត់ភ្លុក ​និង​ឃុំ​ភក្តី ​និង​មានការ​ចូលរួម​ពី ​សំណាក់​លោក​វេជ្ជបណ្ឌិត ​ស្រូ​យ ​អា​ដុល្លារ ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​កាត់ភ្លុក ​លោក​វេជ្ជបណ្ឌិត ​ស៊ឹម ​ពិសិដ្ឋ ​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ ​តំណាង​គណបក្ស​ស្រុក​បរ​សេដ្ឋ ​ប្រធាន​-​អនុប្រធាន​គណបក្ស​ឃុំ ​ភូមិ ​និង​គណៈ​ចលនា​បោះឆ្នោត​ឃុំ ​ភូមិ ​ទាំង១១ភូមិ ​នៃ​ឃុំ​កាត់ភ្លុក​។​

លោក ​ហេង ​សុខ​គង់ ​បាន​ស្វាគមន៍​ចំពោះ​ការ​ចូល​មក​រួមរស់​ជាគ្រួសារ​តែមួយ ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ​លោក​បាន​កោតសរសើរ ​ចំពោះ​ស្មារតី​ភ្ញាក់​រលឹក​ទាន់ពេល​វេលា​របស់ ​លោក ​វួ​ក ​ធួន ​និង​បាន​បញ្ជាក់​ជូន​ដល់​អង្គពិធី​ទាំងមូល ​ដែល​នេះ​គឺជា​សញ្ញាណ​បង្ហាញ​ឱ្យ​កាន់តែ​ច្បាស់លាស់ ​នៃ​បែបផែន​ការងារ​របស់​គណបក្ស​ប្រឆាំង ​ដែល​តែង​អួតខ្លួន​ឯង​ថា ​ជាគ​ណ​បក្ស​ប្រជាធិបតេយ្យ ​បម្រើ​រាស្រ្ត ​និង​បម្រើ​សង្គម​នោះ ​តែ​ធាតុ​ពិត​គឺ​បម្រើ​បក្សពួក ​បម្រើ​ក្រុម​គ្រួសារ​ខ្លួន ​និង​បម្រើ​មហិច្ឆតា​ក្រុម​ខ្លួន​មួយ​ក្តាប់​តូច ​ទើប​ត្រឹមត្រូវ​ជាង​។​

លោក​បាន​បញ្ជាក់​ថា ​កម្ពុជា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​កម្ពុជា​មាន​សុខ​សន្តិភាព ​និង​សុវត្ថិភាព​ពេញលេញ ​ប្រកបដោយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ ​បើ​បោះឆ្នោត​ឱ្យ​គណបក្សប្រជាជន​កម្ពុជា ​កម្ពុជា​នឹង​បន្ត​នូវ​សុខ​សន្តិភាព ​និង​ភាព​រីកចម្រើន​នេះ ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ​តែបើ​បោះ​ឱ្យ​គណបក្ស​ផ្សេង ​ហាក់ដូចជា​យកអាយុ​ជីវិត​ខ្លួនឯង ​គ្រួសារ​យើង ​និង​សង្គមជាតិ​យើង ​ទៅ​ផ្សងព្រេង​ដោយ​មិនដឹង​គោលដៅ ​និង​អនាគត​ពិតប្រាកដ​។​

សូមជម្រាបថា ដោយសារតែការភូតកុហក បក្ខពួកនិយម ពុករលួយ ឯបអមបានផលច្រើន គ្មានលុយបង់ចូលបក្សត្រូវគេទុកចោលបែបនេះហើយ ធ្វើឲ្យសមាជិកបក្ស និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាច្រើននាក់ នាំគ្នារត់ចោលបក្ស លាឈប់ ចាកចេញជាបន្តបន្ទាប់៕