(ភ្នំពេញ)៖ រយៈពេលជិត៤ខែ ដើមឆ្នាំ២០១៧នេះ គ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បានវាយប្រហារលើខេត្តចំនួន១៧ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ជាង១,០០០ខ្នង ត្រូវរងខូចខាតជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋចំនួន១២នាក់ ត្រូវបានស្លាប់ និង២៥នាក់ទៀត រងរបួស។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ។

លោក កែវ វី ថ្លែងយ៉ាងដូច្នេះថា «រយៈពេលជិត៤ខែ ឆ្នាំ២០១៧ គិតត្រឹមថ្ងៃនេះ បញ្ហាខ្យល់ព្យុះ ខ្យល់កន្រ្តាក់ កើតមានចំនួន​៦០លើក កើតឡើងក្នុងខេត្តចំនួន១៧ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន ១៨០ខ្នង ហើយផ្ទះដែលរបើកដំបូល និងខូចខាចមធ្យមអស់ចំនួន ៨៨៥ខ្នង សាលារៀងចំនួន ១៣អគារ វត្តអារាម រោងស្រូវ និងអគារផ្សេងៗចំនួន ១៣ខ្នង»

លោកបានបន្តថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារគ្រោះខ្យល់កន្រ្តាក់មានចំនួន ២នាក់ និងរបួស១០នាក់ ចំណែកអ្នកស្លាប់ដោយសារត្រូវរន្ទះបាញ់មានចំនួន ១០នាក់ និងរបួស១៥នាក់ ថែមទាំងស្លាប់គោក្របីអស់ចំនួន ១២ក្បាលទៀតផង។     

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តទាំង១៧ ដែលត្រូវខ្យល់កន្ត្រាក់វាយប្រហារចំនោះ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង រតនគិរី កំពង់ធំ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ក្រចេះ ស្វាយរៀង ព្រះសីហនុ ព្រះវិហារ និងខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការព្យាករណ៍អាកាសធាតុ​ប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ភ្លៀងកក់ខែនៅតែបន្តធ្លាក់ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ហើយបានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបានមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ដែលអាចកើតមានឡើង នៅពេលមេឃរកភ្លៀង ជាពិសេស ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕