(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងជាមួយ​អាជ្ញាធរអាកាសចរស៉ីវិល ហុងកុងសម្រេចបន្ថែមជើងហោះហើរ៧ជើង បន្ថៃមទៀតក្នុង១សប្តាហ៍ ធ្វើឲ្យចំនួនជើងហោះហើរ​បានកើនពី២១ជើងក្នុង១សប្តាហ៍ ដល់២៨ជើងក្នុង១សប្តាហ៍។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងកំណេីន​អ្នកធ្វេីដំណើរផ្លូវអាកាស​តាមជេីងហោះហេីរ ដែលមានការកើនឡេីងជាលំដាប់ មកកាន់កម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ ចាត់ទុកថា ការបន្ថែមជើងហោះហើរនេះ ជាការសម្រេចសមិទ្ឋិផលថ្មីមួយទៀត​ក្នងការអនុវត្តនូវ​គោលនយោបាយ បើកចំហរជើងមេឃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕