(ភ្នំពេញ)៖ ក្រោយ​បញ្ចប់នៃកិច្ចជំនួបពិភាក្សា​ការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា  លោក គ្រឿង ក្វាង​ងៀ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម បានឈាងចុះជួបពិភាក្សាការងារ ជាមួយ​ថ្នាក់ដឹកនាំ និងបុគ្គលិក រួមនឹងពិនិត្យមើលពីដំណើរការ ការងារមួយចំនួន របស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «Angkor Air» ​ដើម្បីបង្ហាញពីការយកចិត្តទុកដាក់​ផ្នែកទំនាក់ទំនង លើវិស័យអាកាសចរមួយ សម្រាប់​កម្ពុជា-វៀតណាម​។

ការចុះទស្សនកិច្ចពិនិត្យមើល ពីដំណើរការការងារនេះ មានការចូលរួមពី លោក គ្រឿង ក្វាង​​ងៀ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងគណប្រតិភូ​មួយចំនួន និង លោក តឹក រ៉េត​សំរេច ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​ក្រុមហ៊ុន​អាកាសចរជាតិ​កម្ពុជា​ ​Angkor Air, លោក Nguyen Tu Huy នាយកប្រត្តិបត្តិ និង លោក លឹម កៅ អគ្គនាយក​ប្រតិបត្តិ​រង រួមនិងបុគ្គលិកមួយចំនួនផ្សេងទៀត ដែលធ្វើឡើង​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នាកា​រិយាល័យក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា Angkor Air​។

ទស្សនកិច្ចនេះ បង្ហាញពីភាពស្និទ្ធស្នាលមួយ និង​ភាពរីកចម្រើន នៃវិស័យអាកាសចរវាង ទឹកដីកម្ពុជា និងប្រទេសវៀតណាម។ មួយវិញទៀត ការចុះពិនិត្យពីដំណើរការការងារ របស់ក្រុមហ៊ុនមួយនេះ វាអាចធ្វើឲ្យអតិថិជន កាន់តែមានភាពជឿទុកចិត្ត លើក្រុមហ៊ុនអាកាសចរជាតិ​កម្ពុជា «Angkor Air» មួយនេះបន្ថែមទៀត។

ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «Angkor Air» មានចក្ខុវិស័យ ក្នុងការក្លាយជាអាកាសចរឈានមុខ ផ្ដល់សេវាកម្មលើផ្លូវ ហោះហើរក្នុង និងក្រៅស្រុក ប្រកបដោយសុវត្ថិភាពខ្ពស់ និងផាសុកភាព។ ថ្មីៗនេះ​ ក្រុមហ៊ុន អាកាសចរជាតិកម្ពុជា Angkor Air បានចុះហត្ថលេខាជាមួយ​ក្រុមហ៊ុន អាកាសចរបារាំង ដែលមានឈ្មោះថា «AFI KLM E&M» ក្នុងកិច្ចព្រមព្រៀង ជួសជុល និងថែទាំយន្ដហោះ។ អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ គឺក្រុមហ៊ុនបានចាប់ផ្ដើម​ធ្វើប្រតិបត្តិការ លើផ្លូវហោះហើរថ្មីមួយ រវាងខេត្តព្រះសីហនុ និងក្រុងម៉ាកាវ ចំនួនពីដងក្នុង​មួយសប្ដាហ៍។

សូមជម្រាបថា ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា Angkor Air បានបង្កើតឡើង​ ក្នុងឆ្នាំ២០០៩ ដោយបច្ចុប្បន្នក្រុមហ៊ុន មាន​ជើងហោះហើរក្នុងស្រុក រវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងក្រៅស្រុកជាច្រើនទៀត រួមមានកាហោះហើរ ទៅ​កាន់ប្រទេសវៀតណាម ចិន កូរ៉េ និងម៉ាកាវ ដោយប្រើប្រាស់យន្ដហោះ ចំនួន៧គ្រឿង៕