(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមពីការងារអនុវត្តជាក់ស្តែង របស់ស្ថាប័នមួយនេះ និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។

ជំនួបប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយក៏ជាលើកទី២ផងដែរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា ត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រង ពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមគម្រោងកិច្ចប្រជុំនេះ នឹងដំណើរការរយៈពេល២ថ្ងៃ គឺរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមសា ដែលគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះរបស់អាជ្ញាធរជាតិអប្សរាទាំងអស់ នឹងលើកឡើងនូវសកម្មភាពការងាររបស់ខ្លួន និងសំណូមពររាល់បញ្ហាលំបាកផ្សេងៗ ដើម្បីដាក់ជូនប្រធានអាជ្ញាធរជាតិអប្សរាដោះស្រាយ៕