(កណ្តាល)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គដ្ឋានពន្ធដា បានថ្លែងផ្តាំផ្ញើដល់មន្រ្តីពន្ធដារ​ ទាំងអស់ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវលុបបំបាត់ឲ្យអស់នូវភាពអសកម្មក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ពាក្យពេចន៍ផ្តាំផ្ញើរបស់លោក គង់ វិបុល បានធ្វើឡើងក្នុងឱកាសដែលរូបលោកអញ្ជើញផ្លាស់ប្តូរតំណែង ប្រធានសាខាពន្ធដារ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ លោក គង់ វិបុល បានថ្លែងថា នាពេលកន្លងមកលោកធ្លាប់ បានទទួលព័ត៌មានពីភាពអសកម្មមួយចំនួនរបស់មន្រ្តីពន្ធដារនៅក្នុងខេត្តកណ្តាល ដែលទាមទារឲ្យមានកែប្រែ ហើយត្រូវប្រឹងប្រែង យកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឡើងវិញ។

លោក បានគូសបញ្ជាក់ដូច្នេះ «មន្រ្តីគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ ដូច្នេះត្រូវដាក់ខ្លួនឲ្យទៀប មិនត្រូវធ្វើខ្លួនខ្ពស់កប់ពពកនោះទេ»

សូមបញ្ជាក់ថា នៅព្រឹកមិញនេះនៅសាលប្រជុំសាលាខេត្តកណ្តាល មានរៀបចំពិធីតែងតាំងលោក នុត វត្ថា ប្រធានសាខាពន្ធដារក្រុងព្រះសីហនុ ជាប្រធានសាខាពន្ធដារខេត្តកណ្តាល ជំនួសលោក  ទៀវ សាវឿន ដែលដល់អាយុចូលនិវត្តន៍។

លោក នុត វុត្ថា បានប្តេជ្ញាចិត្តនៅចំពោះមុខអង្គពិធីថា នឹងខិត្តយកចិត្តទុកដាក់ដឹកនាំមន្ត្រីពន្ធដាខេត្តកណ្តាល ក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ និងខិតខំប្រមូលពន្ធជូនរដ្ឋ ឲ្យបានតាមផែការ។ លោក នុត វុត្ថា បានសំណូមពរដល់ អាជ្ញាធរខេត្ត និងស្រុកទាំងអស់ ជួយសហការជាមួយសាខាពន្ធដារខេត្តបន្តទៀត ដើម្បីឲ្យការងារប្រមូលពន្ធនេះ ប្រព្រឹត្តទៅបានដោយប្រសិទ្ធភាព។

នៅក្នុងនោះលោក គង់ វិបុល បានស្នើឲ្យប្រធានពន្ធដារយកចិត្តទុកដាក់សាមគ្គីផ្ទៃក្នុង និងចេះសហការជាមួយមន្ត្រី តាមមូលដ្ឋាន និងខិត្តខំយកចិត្តទុកដាក់បំពេញភារកិច្ចជូនប្រជាពលរដ្ឋពលរដ្ឋអញ្ជើញទៅបង់ពន្ធ កុំឲ្យពួកគាត់មករង់ចាំ ដោយចង្អៀតចង្អល់ចិត្ត៕