(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៨គ្រួសារ ដែលទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ​ ដោះស្រាយទំនាស់ដីធ្លី ដើម្បីកាន់កាប់តាមក្បាលដីនីមួយៗហើយនោះ បានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿនការចុះវាស់វែងកំណត់ព្រុំដី និងផ្ដល់បណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ដោយហេតុថា មានលោកជំទាវម្នាក់ បានសាងសង់របងស័ង្កសីព័ទ្ធ រំលោភយកដីរបស់ពួកគាត់ ដោយគ្មានឯកសាររត្រឹមត្រូវ។

ដីខាងលើ ស្ថិតលើផ្លូវ៥៩៨ កែងផ្លូវលំលេខ១៨០៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ សកម្មភាពរំលោភយកដីនេះ មិនបានបានជោគជ័យឡើយ ព្រោះត្រូវបានលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការចង្អុលបង្ហាញពី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ដើម្បីចុះទៅវាយកម្ទេចរុះរើ និងដកហូតយកមករក្សាទុកទាន់ពេលវេលា។

ប្រជាពលរដ្ឋទាំង៨គ្រួសារ បានលើកឡើងដូចៗគ្នាថា ទម្រាំពួកគាត់ទទួលបានសេចក្ដីសម្រេចរបស់ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីចូលទៅកាន់កាប់តាមក្បាលដីឡូត៍នីមួយៗរបស់ខ្លួន ពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន គឺមានទំនាស់ដ៏រ៉ាំរ៉ៃ រយៈពេលជិត៣០ឆ្នាំ មកហើយ ដោយក្នុង១គ្រួសារទទួលបានដី ២០ម៉ែត្រគុណ៣០ម៉ែត្រ និងមានតែ២គ្រួសារប៉ុណ្ណោះ ដែលទទួលបានបណ្ណកម្មសិទ្ធិ ក្នុងឆ្នាំ២០០៤-២០០៦ ក្រោយទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

ពួកគាត់បានលើកឡើងថា បើទោះបីបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក៏ដោយតែរហូតមកទល់បច្ចុប្បន្ននេះ ពួកគាត់នៅមិនអាចចូលទៅកាន់កាប់ ស្នាក់អាស្រ័យផលលើដីរបស់ខ្លួនបាននោះទេ ពោលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី នៅឡើយនោះទេ ដោយសារតែការទន្ទឹងរង់ចាំ ការដោះស្រាយបានអូសបន្លាយពេលវេលាពីមួយខែទៅមួយខែ។

ប្រជាពលរដ្ឋបានទទូចដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសាលារាជធានីភ្នំពេញ ជាពិសេសការិយាល័យសុរិយោដី ភូមិបាល ខណ្ឌឫស្សីកែវ ជួយសម្របសម្រួលបង្កើតគណៈកម្មការចម្រុះ ដើម្បីចុះអនុវត្តធ្វើការវាស់វែង បោះបង្គោល កំណត់ព្រំក្បាលដីឡូត៍ ថែមទាំងជួយសម្រួលធ្វើបណ្ណកម្មសិទ្ធិជូនពួកគាត់ផង។

បន្ថែមពីនេះ ប្រជាពលរដ្ឋបានកើតមានចម្ងល់ថា បន្ទាប់ពីទទួលបានសេចក្ដីសម្រេចពីអាជ្ញាជាតិដោះស្រាយទំនាស់ដីធ្លី ខណៈដែលអាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានី មិនទាន់ទាំងបានបង្កើតគណៈកម្មការចម្រុះដើម្បីចុះអនុវត្តវាស់វែង បោះបង្គោលកំណត់ព្រំដីផង ស្រាប់តែមានលោកជំទាវម្នាក់ ដែលពុំស្គាល់ពីអត្តសញ្ញាណ បានចេញមកវិវាទធ្វើរបងស័ង្កសីព័ទ្ធយកដីឡូត៍របស់ពួកគាត់ និងអ្នកដទៃជាច្រើនកន្លែង ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

យ៉ាងក៏ដោយ ម្ចាស់តាមក្បាលដីឡូត៍នីមួយៗ ដែលព្រមទទួលយកការដោះស្រាយ តាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានអំពាវនាវយ៉ាងទទូចចំពោះ លោក ជា ពិសី និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខណ្ឌ ព្រមជាមួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជាពិសេសការិយាល័យភូមិបាលខណ្ឌឫស្សីកែវ តែម្ដង ជួយសម្របសម្រួល ដើម្បីពន្លឿនក្នុងការចុះធ្វើការវាស់វែង បោះបង្គោលកំណត់ព្រំដី និងជួយសម្រួលធ្វើបណ្ណកម្មសិទ្ធិ ជូនពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ផង៕