(ភ្នំពេញ)៖ នៅម៉ោង​​ ៣៖២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ លោក ង្វៀង សួនហ្វ៊ុក (NguyenXuanPhuc) នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានរដ្ឋសភា។

លោក ង្វៀន សួនហ្វ៊ុក ដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧។ ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក បានចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង, ជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជាផងដែរ។

កាលពីម្សិលមិញនេះ លោកបានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕