(ភ្នំពេញ)៖ សាកលវិទ្យាល័យធំៗចំនួន៣ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាផ្លូវការ ដើម្បីរួមគ្នា ពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកម្ពុជា កាន់តែប្រសើរជាងមុន តាមរយៈគម្រោងសហភាពអ៉ឺរ៉ុប «ការគ្រប់គ្រងរៀបចំរចនាសម័្ពន្ធនៃការស្រាវជ្រាវ»។

សហភាពអ៉ឺរ៉ុប (EU) បានផ្តល់ជំនួយជាង១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំគម្រោង «ការគ្រប់គ្រងរៀបចំរចនាសម័្ពន្ធនៃការស្រាវជ្រាវ»​មួយនេះ ឲ្យទទួលបានជោគជ័យ ដើម្បីឲ្យធនធានមនុស្សអ្នកស្រាវជ្រាវ នៅកម្ពុជាសំបូរបែបជាងមុន។គម្រោងនេះ ក៏នឹងពង្រឹងសមត្ថភាពនៃ​ការស្រាវជ្រាវ ហេដ្ឋារចនាសម័្ពន្ធដែលនាំដល់ការស្រាវជ្រាវឲ្យប្រសើរជាងមុន ពង្រឹងសមត្ថភាពសាស្រ្តចារ្យ។

លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រាប់ឲ្យដឹងថា ភាគីសហគមន៍អឺរ៉ុប បានជួយជាជំនួយ ធ្វើការស្រាវជ្រាវ នៅក្នុងឧត្តមសិក្សាទាំង៣ឲ្យមានភាពល្អប្រសើរជាងមុន ក្រៅពីវិទ្យាស្ថាន ឧត្តមសិក្សា ទាំង៣នេះ ក្រសួង២ (ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ) ដែលជាអាណាព្យាបាល ក៏បានចូលរួមលើកកំពស់ក្នុងការស្រាវជ្រាវផងដែរ។

លោក ជេត ជាលី បានបន្ថែមថា «ការស្រាវជ្រាវនេះ មិនមែនតែផ្តល់សារៈសំខាន់តែប្រទេសកម្ពុជានោះទេ មិនថាប្រទេស កំពុងអភិវឌ្ឍន៍ ប្រទេសអភិវឌ្ឍន៍ហើយក៏ដោយ ត្រូវតែមានការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះ គឺពិតជាមានសារៈសំខាន់ណាស់ អាចជំរុញឲ្យមានការអភិវឌ្ឍប្រទេសជឿនលឿនទៅមុខ មានការរីកចំរើនគំនិត និងជឿនលឿនតាមសម័យកាល ហើយការអភិវឌ្ឍ និងធ្វើកិច្ចការអ្វីមួយ មិនអាចធ្វើតាមការស្រមើស្រមៃនោះទេ គឺត្រូវតែធ្វើឡើងដោយមានការស្រាវជ្រាវ»។ លោកថា ក្រោយពីមានការស្រាវជ្រាវសម្រេចជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់ អាចចងក្រមជាសៀវភៅ និងបោះមពុម្ពដាក់នៅតាមសាកលវិទ្យាល័យ ប្រសិនបើមានលទ្ធភាព និងថវិកាគ្រប់គ្រាន់ អាចនឹងមានការរៀបចំជាសិក្ខាសាលាជាដើម។

លោក Thach Joseph អ្នកគ្រប់គ្រងគម្រោង មានជំនាញខាងភាសាវិទ្យា (ភាសាខ្មែរ និងភាសាអាស៊ីអាគ្នេយ៍)បានបញ្ជាក់ថា មូលហេតុដែលលោក ណិងក្រុមការងារ ចាប់អារម្មណ៍ និងចាប់ដៃគូរ ជាមួយសាកលវិទ្យាល័យធំៗទាំង៣នេះ ហើយមានជំនាញក្នុងការស្រាវជ្រាវ ភាសាវិទ្យា បុរាណវិទ្យា និងប្រវត្ថិសាស្រ្ត របស់លោកកើតចេញនៅប្រទេសកម្ពុជា ជាពិសេសគឺលោក មានដើមកំណើតជាជនជាតិខ្មែរ។

លោក Thach Joseph បានប្រាប់ថា គម្រោងមួយនេះ បានចាប់ផ្តើមពីឆ្នាំ២០១៦ និងបញ្ចប់នៅចុងឆ្នាំ២០១៩។ លោកថា គម្រោងនេះចាប់ផ្តើម​សកម្មភាពដោយប្រើរយៈពេល៣ឆ្នាំ ក្នុងនោះ ឆ្នាំទី១   នឹងសិក្សាលើព័ត៌មានលំអិតរបស់សាកលវិទ្យាល័យ​ទាក់ទងនឹងការស្រាវជ្រាវ ឆ្នាំទី២ នឹងធ្វើសកម្មភាពបំប៉នលើលទ្ធផលនៃការស្រាវជ្រាវនៃឆ្នាំទី១ លើព័ត៌មានលំអិតនៃសាកលវិទ្យាល័យ ឆ្នាំទី៣ បង្កើតអង្គភាពស្រាវជ្រាវមួយ​(អន្តរសាកលវិទ្យាល័យទាំង៣)។

បន្ថែមពីលើនេះ លោក ជេត ជាលី បានបញ្ជាក់ថា គម្រោងនេះ នឹងជំរុញឲ្យ RUPP មានធនធានមនុស្សបន្ថែមទៀត ជាពិសេស អ្នកស្រាវជ្រាវ ហើយប្រទេសដទៃទៀត ក៏ត្រូវការអ្នកស្រាវជ្រាវដូចគ្នា ហើយផ្នែកផ្សេងៗសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែត្រូវការបន្ថែមទៀតដូចគ្នា ដើម្បីអភិវឌ្ឍធនធានមនុស្ស៕