(ព្រះវិហារ)៖ លោក ឈាង វ៉ុន អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីនៅរដ្ឋសភា និងព្រឹទ្ធសភាជាច្រើនរូបនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅចែកជូនដល់កងទ័ពឈរជើងការពារទឹកដី នៅតាមទល់ដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខកងទ័ព​ នៅមុនបុណ្យចូលឆ្នាំឈានចូលមកដល់នោះ ក៏មានការរៀបចំអាហារសាមគ្គី និងការរាំច្រៀងលេងកម្សាន្តសប្បាយផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានចាត់ទុកកាយវិការរបស់លោក ឈាង វុន ក៏ដូចជាមន្រ្តីរដ្ឋសភា ព្រឹទ្ធសភា ជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ពកម្ពុជានៅតាមទល់ដែន។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងគោរពអរគុណលោក ឈាង វុន ព្រមទាំងមន្រ្តីរដ្ឋសភា ព្រឹទ្ធសភា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានទទូចដល់សប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតាមទល់ដែន ដើម្បីជាការលើកទឹកចិត្តដល់ពួកគេក្នុងការការពារទឹកដី៕