(ភ្នំពេញ)៖ សំបកកំប៉ុងភេសជ្ជៈប៉ូវកម្លាំង WURKZ មួយកំប៉ុង ដែលទម្លាក់ក្នុងស្តង់ WURKZ ក្នុងបុណ្យភូមិ ស្មើនឹងការបរិច្ចាក៤០០រៀល ពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដើម្បីជួយសាលាខ្វះខាតនានា នៅទីជនបទ នៃកម្ពុជា។

WURKZ ជាភេសជ្ជៈប៉ូវកម្លាំងថ្មី ដែលផលិតដោយក្រុមហ៊ុនខ្មែរប៊ែវើរីជីស ហើយភេសជ្ជៈថ្មីនេះ មិនទាន់មានលើទីផ្សារកម្ពុជានោះទេ គឺមានលក់តែក្នុងកម្មវីធីបុណ្យភូមិឆ្នាំ២០១៧ នៅវត្តទួលក្រសាំងនៅថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧តែប៉ុណ្ណោះ។

លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានថ្លែងថា ក្រុមហ៊ុននឹងរៀបចំស្តង់ចំនួនពីរ ដើម្បីលក់ភេសជ្ជៈប៉ូវកម្លាំងនេះ និងស្តង់មួយទៀត ដើម្បីប្រមូលសំបកកំប៉ុង WURKZ ។ ក្រុមហ៊ុននឹងរាប់សំបកកំប៉ុង ដែលប្រមូលបាន ហើយនឹងបរិច្ចាកប្រាក់បន្ថែម ដើម្បីជួយសាលាខ្វះខាត ទៅតាមចំនួនសំបកកំប៉ុងដែលប្រមូលបាន។

លោកអគ្គនាយកបានបន្តថា «ក្រុមហ៊ុនបានរៀបចំកញ្ចប់ថវិកា ដើម្បីជួយសាលាខ្វះខាតមួយចំនួន ទៅតាមលទ្ធភាពរួចរាល់ហើយ តែក្រុមហ៊ុន ក៏ចង់ឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលចង់ជួយសាលាខ្វះខាតទាំងនោះ អាចមានឱកាសចូលរួមចំណែក ជួយសាលាទាំងនោះផងដែរ ហេតុដូច្នេះហើយបានជាយើងរៀបចំកម្មវិធីប្រមូលសំបកកំប៉ុងនេះឡើង»

លោកបន្ដថា «យើងរៀបចំកម្មវិធីនេះ ក៏ដើម្បីប្រមូលសំបកកំប៉ុងភេសជ្ជ WURKZ ចាស់ៗមកកែច្នៃប្រើប្រាស់ឡើងវិញ ដើម្បីជួយកាត់បន្ថយធនធាន ដែលប្រើប្រាស់សម្រាប់ផលិតសំបកកំប៉ុងនេះ ដែលនឹងជួយដល់បរិស្ថានផងដែរ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលផលិតភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏ជាអ្នកឧបត្ថម្ភធំ ក្នុងការរៀបចំបុណ្យភូមិឆ្នាំនេះផងដែរ៕