(ភ្នំពេញ)៖ អ្នករៀបចំកម្មវិធីសិល្បៈដ៏ល្បី នៅក្នុងប្រទេសកម្ពុជា លោក គួច ខេវិន បានបង្ហាញពីចំណាប់អារម្មណ៍​របស់ខ្លួន ចំពោះកំពូលតារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េ ដែលបានមកច្រៀង នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ខណៈដែលវត្តមាន​របស់តារា K-pop រូបនេះ ត្រូវទទួលរងនូការរិះគន់ពីមហាជន ច្រើនជាងការសរសើរ។ តើលោក​ គួច ខេវិន និយាយអ្វីខ្លះ ពីកំពូលតារាចម្រៀង Rain ដែលរងការរិះគន់ ពេលមកច្រៀងនៅកម្ពុជា?

ការប្រគំតន្ដ្រី «Smart Mega Concert​» ដែលបានរៀបចំ​នៅមជ្ឈមណ្ឌុលកោះពេជ្រ កាលពីថ្ងៃទី៣០ ខែមីនា២០១៧នោះ ពិតជាបានធ្វើ​ឲ្យទស្សនិកជន ពិសសេសយុវវ័យ​កម្ពុជាជាច្រើន បានរំជើបរំជួលជា​ខ្លាំង ព្រោះតែមានការចូលរួមពី កំពូលតារាចម្រៀង K-POP របស់កូរ៉េលោក Rain។ តាមរយៈការលើកយកបទ​ដ៏ល្បីល្បាញ៦បទ មកអង្រួនបេះ​ដូង​យុវវ័យកម្ពុជា មានដូចជាបទ «La Song​,​Rainism​​,​Love Song» ជាដើមនោះ លោក Rain ទទួលបានការស្វាគមន៍ជាច្រើនពី Fan ដែលប្រជ្រៀតគ្នាទស្សនាផ្ទាល់ ដើម្បីបានទស្សនា តារាល្បីរូបនេះច្រៀងសម្ដែង និងមានក្បាច់រាំយ៉ាងរស់រវើកគួរ​​ឲ្យជក់ចិត្ត។

ប៉ុន្ដែទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានរិះគន់លោក Rain ថា មកកម្ពុជាលើកនេះ ទឹកមុខហាក់ស្រងូត​ស្រ​ងាត់ មិនសប្បាយចិត្តទាល់​តែសោះ ហើយគ្រាន់តែច្រៀងចប់ភ្លាម Rain រត់ចូ​លឡានបាត់ ដោយមិនបានថ្លែងអំណរគុណ ដល់ Fan បន្ដិចសោះ សូម្បីតែពិធីករ ក៏មិនបានសម្ភាសន៍ ពីចំណាប់អារម្មណ៍តារាចម្រៀង​កូរ៉េរូបនេះ មកកម្ពុជាផង។ ​ខ្លះទៀត បានលើកឡើងថាលោក Rain មានទឹកមុខក្រៀមបែបនេះ ដោយសារតែនៅថ្ងៃនោះចំថ្ងៃ ដែលភរិយារូបស្អាតនាង Kim Tae Hee ធ្វើខួបកំណើត ហើយលោកមិនបានចូលរួម ខួបកំណើតប្រពន្ធ ទើបបានជាមិនសូវស្រស់ថ្លាបែបនេះ​។

ជុំវិញការរិះគន់ លើតារាចម្រៀង និងសម្ដែងហូលីវូដ ដែលមកច្រៀងនៅកម្ពុជាជា លើកទី១នេះ លោក គួច ខេ​វិន ជាអ្នកផលិតកម្មវិធីទូទស្សន៍ ដ៏ល្បីល្បាញ ហើយធ្លាប់មានបទពិសោធន៍ នាំតារាលំដាប់ថ្នាក់ពិភពលោកជាច្រើននាក់ មកច្រៀង និងសម្ដែងនៅកម្ពុជាមានដូចជា​លោក Michael Learns To Rock ,Ronan Keating ,Sean Kingston រួមទាំងតារាកូរ៉េ​ K-Pop ជាច្រើនដួងហើយ​នោះ ក៏ជាអ្នកដែលស្និទ្ធ និងក្រុមការងាររបស់លោក Rain នោះ បានចេញមុខឆ្លើយតប ចំពោះទស្សនិកជនមួយចំនួន ដែលបានរិះគន់លោក Rain ដែលបង្ហាញ​ឫកពារហាក់ឆ្មើងឆ្មៃ មកលើអ្នកគាំទ្រ​កម្ពុជានេះ។

លោក ខេវិន បានប្រាប់​ នៅថ្ងៃនេះ​ថា «ប្រសិនបើគេមិនស្រឡាញ់ គេមិនចូលចិត្តទស្សនិកជនខ្មែរ នោះគេនឹងមិនមកសម្ដែង នៅកម្ពុជាឡើយ។ នេះជាពាក្យដែលយើងគួរតែយល់ និងគួរតែពិចារណា។ សម្រាប់ខ្ញុំយល់ថា ការមកច្រៀងសម្ដែងរបស់លោក Rain មកកម្ពុជាលើកទី១នេះ គឺជាមោទនភាពខ្លាំងណាស់ សម្រាប់កម្ពុជា ដែលមានតារាលំដាប់អន្ដរជាតិ មកពីប្រទេសកូរ៉េខាងត្បូង អញ្ជើញមកសម្ដែង ដើម្បីបំរើអារម្មណ៍ទស្សនិកជន និង Fan របស់គាត់នៅក្នុងប្រទេសរបស់យើង។ ចំពោះការរិះគន់លោក Rain ថា ឆ្មើងឆ្មៃច្រៀងចប់ មិនបានជម្រាបលាមួយម៉ាត់នោះ គឺជារឿងគួរឲ្យខ្មាសអៀនទៅវិញទេ ព្រោះតែយើងមិនបានដឹងថា មានរឿងអ្វីនៅពីក្រោយខ្នង​រឿងទាំងនោះ។ យើងគួរតែដឹងឲ្យបានច្បាស់សិន មុននឹងការធ្វើវិនិច្ឆ័យ ទៅលើរឿងអ្វីមួយ ព្រោះតាមពិតលោក Rain ចង់ច្រៀងថែម២បទទៀត តែខាងអ្នករៀបចំកម្មវិធី តម្រូវឲ្យគាត់ឈប់ ព្រោះតែមេឃជិតធ្លាក់ភ្លៀង អាកាសធាតុមិនអំណោយផល ទើបខាងប៉ុស្ថិ៍អាស៊ីអាគ្នេហ៍ បញ្ជាឲ្យគាត់ឈប់ហើយ Rain ប្រញ៉ាប់ចូលឡានហើយគ្មាន បានជម្រាបលាមួយម៉ាត់ហ្នឹង!»។

លោ​ក Rain ដែលខ្មែរយើងហៅថា «លី យ៉ុងចេ»នោះ មានព័ត៌មានក្រៅផ្លូវការថា សម្រាប់ការច្រៀង៦បទនោះ ទទួលបានតម្លៃខ្លួន១៨ម៉ឺនដុល្លារ (១បទ៣ម៉ឺនដុល្លា) គឺតម្លៃខ្លួននេះ ទាបជាងប្រទេសជិតខាង ដែល Rain សម្ដែង ព្រោះ​តែក្នុងន័យសប្បុរសធម៌ តែតម្លៃខ្លួននេះ ត្រូវបានលោក «ហាក់» ដែលតំណាងឲ្យក្រុមហ៊ុន ស្មាត បញ្ជាក់ថា មិនដឹង ឬមិនហ៊ាន​និ​យាយឡើយ។ តាមប្រភពថាការ​ដែល លោក Rain មានការស្វាគមន៍ពី Fan នៅកម្ពុជាជាច្រើន ក្នុងការមកលើកទី១នេះ តារាលំដាប់អន្ដរជាតិរូបនេះ នឹងគ្រោងមកសម្ដែងជាលើកទី២ នៅកម្ពុជាជាលើកទី២ទៀត នាពេលខាងមុខនេះ ដើម្បីសប្បុរសធម៌ ហើយថវិកាមួយចំនួន នឹងបង្វិលមកជួយមន្ទីពេទ្យគន្ធបុប្ផា។

​លោក គួច ខេវិន បញ្ជាក់ថា «តាមខ្ញុំ​ដឹងពីក្រុមការ​ងារ លោក Rain គាត់បានប្រាប់ថា លោក Rain ប្រាកដជានឹងមកកម្ពុជាជាលើកទី២ ក្នុងពេលខាងមុខនេះ​​មែន ព្រោះលោកសប្បាយ​ចិត្ត ដែលមាន Fan ជាច្រើនទៅគាំទ្រ​។ តាមរយៈក្រុមការងារលោក Rain សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនគាំទ្រទាំង​អស់ និងសូមខន្តីអភ័យ​ទោស រាល់កំហុសឆ្គង ដោយអចេតនា ហើយគាត់បានសន្យាថា នឹងត្រឡប់មកវិញ ដើម្បីធ្វើការប្រគំ​តន្រ្ដីដ៏ធំមួយ ដែលនឹងមានការ​អញ្ជើញចូលរួម ពីតារាចម្រៀងពីតារាល្បីរបស់កម្ពុជា សម្រាប់សប្បុរសធម៌ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងមន្ទីពេទ្យគន្ធបុប្ផា!»៕