(ភ្នំពេញ)៖ ពិភពសួនទឹក Water World ដែលមានទីតាំងស្ថិតក្នុងបុរី Grand Phnom Penh គឺជាសួនទឹកដំណើរការពេញលេញដ៏ធំ បំផុតនៅកម្ពុជា និងបានកំពុងតែ​ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាក់ស្តែងនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ សួនទឹក Water World បានរៀបចំពិធីអបអរខួប១ឆ្នាំរបស់ខ្លួន ជាមួយនឹងភាពជោគជ័យយ៉ាងខ្លាំង។

លោក Foo Yeok Kheong នាយកសួនទឹក Water World បានថ្លែងឲ្យដឹងថា ពិភពសួនទឹកកម្សាន្តដ៏អស្ចារ្យ (Fantastic Water World) គឺជាសួនទឹកដំណើរការពេញលេញដ៏ធំបំផុតនៅកម្ពុជា រហូតមកដល់ពេលនេះ វាមានគម្រោងជាច្រើន ដូចជាគម្រោងអភិវឌ្ឍលើទំហំផ្ទៃដីប្រមាណ១២,០០០ ម៉ែត្រការ៉េ មានចំណតរថយន្តធំទូលាយ សម្រាប់ភ្ញៀវមកលេង រួមទាំងមានឧបករណ៍សម្រាប់លេងកម្សាន្តមាន៥ ប្រភេទធំៗគឺ ឧបករណ៍ទឹករអិលធនយក្ស ឧបករណ៍ទឹករអិលរមូលដូចគូថខ្យង អាងហែលទឹកកុមារ អាងហែលទឹកសម្រាកលំហែកាយ និងទន្លេរលកហូរ។

លោកបានបន្ដទៀតថា ថ្ងៃនេះគឺជាគម្រោងខួបមួយឆ្នាំរបស់សួនទឹកនេះ រយៈពេល១ឆ្នាំនេះ សួនទឹកនេះ បានដំណើរការទៅយ៉ាង​ល្អ​ប្រសើរបំផុត និងមានការទទួលគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ទាំងក្នុង និងក្រៅប្រទេស។ កន្លងមកយើងមានការរៀបចំកម្មវិធី​ពិសេសៗជាច្រើន ហើយមូលហេតុដែលយើងបង្កើតសួនទឹកនេះឡើង ដើម្បីផ្ដល់នៅភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ​ដែល​រស់នៅទីក្រុងនេះតែម្ដង។

លោកក៏បានបញ្ជាក់ទៀតថា មានអតិថិជនទូទៅ ដែលបានមកលេងនៅក្នុងសួនទឹកដ៏អស្ចារ្យនេះ ហើយសម្រាប់តម្លៃវិញ គឺ៤ដុល្លារ​សម្រាប់ថ្ងៃធម្មតា និង៥ដុល្លារសម្រាប់ថ្ងៃចុងសប្ដាហ៍។ អតិថិជនអាចលេងបានរយៈពេលពេញមួយថ្ងៃ ក្នុងឆ្នាំថ្មីនេះផងដែរ សួនទឹករបស់យើងបានដំណើរការ និងកែលម្អជាច្រើនដល់អតិថិជន ព្រមទាំងពង្រីកនូវទីធ្លាផងដែរ៕