(កំពង់ចាម)៖ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារដែលមានឈ្មោះថា «ក្រុមការងារមហារគ្រួសារVK ខាលីងតុន» ប្រគល់ផ្ទះចំនួន២ខ្នង ដែលសាងសង់ប្រើរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ ជូនកម្មការិនីក្រីក្របំផុត២នាក់ ស្ថិតនៅឃុំចំនួន២ ក្នុងស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក ឡុង សុផាត បានឲ្យដឹងថា ដោយពិនិត្យឃើញថា មានកម្មការិនីរោងចក្រ ស្បែកជើងខាលីងតុន២នាក់ រស់នៅ និងមានជីវភាពខ្វះខាត យ៉ាងខ្លាំង រូបលោកនិងក្រុមការងារមានការជួយពីសប្បុរសជន រួមជាមួយកម្មករ កម្មការិនីរោងចក្រខាលីងតុន បានប្រមូលថវិកាតាម លទ្ធភាព ជួយសាងសង់ផ្ទះ២ខ្នង ជូនពួកគាត់ជាលើកទីមួយ និងជូនអំណោយមួយចំនួន
ថែមទៀត។

កម្មការិនី២រូបដែលមានសំណាងទទួលបានផ្ទះថ្មីខាងលើនេះ ទី១៖ ឈ្មោះ ធី ដានី អាយុ២៦ឆ្នាំជាកម្មការិនីរោងចក្រខាលីងតុន មានប្តីឈ្មោះ ប៉ែន ពុធ អាយុ២៧ឆ្នាំ ទើបនឹងចូលធ្វើជាកម្មករ នៅរោងចក្រជាមួយគ្នា រស់នៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃដែលពីមុនរស់ នៅក្នុងខ្ទមទ្រុងមាន់អ្នកជិតខាងនិងទី២៖ ឈ្មោះ វឿន លក្ខិណា អាយុ១៩ឆ្នាំ ជាកម្មការិនី
រោងចក្រខាលីងតុន រស់នៅជាមួយម្តាយ មេម៉ាយ នៅភូមិស្រឹង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

នៅក្នុងពិធីប្រគលផ្ទះដាច់ដោយឡែកពីគ្នា នាព្រឹកថ្ងៃដដែលនោះ លោក ឡុង សុផាត និងសហការីជិត៥០នាក់ បានប្រគល់អំណោយបន្ថែម ក្នុងមួយគ្រួសារអង្ករមួយបាវ មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និង ត្រីខ២យួរ។ ក្រៅពីនោះលោក ក៏បានជូនថវិកាមួយចំនួនដល់លោកតា លោកយាយ ជាច្រើននាក់ដែលបានចូលរូម និងលោក មេភូមិទាំងពីរផងដែរ៕