(ភ្នំពេញ)៖ កីឡដ្ឋានបាល់ទាត់ដ៏ប្រណីតជាលើកដំបូងនៅកម្ពុជា ដែលមានតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋាន សាង​សង់ ខណៈដែលមណ្ឌលកីឡាហែលទឹក កីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹកហាត់ និងស្នាក់នៅរបស់អត្តពលិក ត្រូវបានបើកសម្ពោធ​ដាក់ឲ្យប្រើប្រាស់ផងដែរ។

ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ និងសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹក​ហាត់ ក៏ដូចជាកន្លែងស្នាក់នៅរបស់អត្តពលិក ដែលពោរពេញដោយប្រណីតភាព និងមានកម្រិតបទដ្ឋានអន្តរជាតិនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមអធិបភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅកម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា កីឡដ្ឋានបាល់ទាត់ ដែលបើកការដ្ឋានសាងសង់ព្រឹកមិញនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីជាង ១៦ហិកតា ដោយអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។ ក្រៅពីការប្រកួតបាល់ទាត់កីឡដ្ឋាននេះ ក៏នឹងប្រើប្រាស់ជាទីលានប្រកួតកីឡាបាល់ឱប និងកីឡាអត្តពលកម្មផងដែរ។

កាន់តែពិសេស កីឡដ្ឋានបាល់ទាត់ដ៏ធំនេះ ត្រូវបានសាងសង់ឡើងដោយបានគិតគូរយ៉ាងសំខាន់ដល់ការជួយសង្រ្គោះប្រជាពលរដ្ឋ ពេលកើតមានបញ្ហាជាយថាហេតុណាមួយនោះ ពោលកីឡដ្ឋានបាល់ទាត់នេះមានច្រកសុវត្ថិភាពយ៉ាងច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។

កីឡដ្ឋានបាល់ទាត់ ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ត្រូវបានរចនាឡើងដោយយកសំពៅធ្វើជាគំនិតនៃការ រចនាដោយបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ចិន ដែលបានកើតមានតាំងពីបុរាណកាល ហើយបានឈានមក ដល់ចំណុចកំពូល នាពេលថ្មីៗនេះ។

ដោយឡែកមជ្ឈមណ្ឌលហែលទឹក មជ្ឈមណ្ឌលកីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់អត្តពលិក ដែលបើក​សម្ពោធនាព្រឹក​មិញនេះ ក៏មានភាពទំនើប និងប្រណីតផងដែរ ដោយអាចផ្ទុកអ្នកទស្សនាបានរាប់ពាន់នាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិន សុទ្ធតែបានសម្តែងការរីករាយចំពោះវត្តមាន កីឡដ្ឋាន​បាល់ទាត់ ក៏ដូចជាមណ្ឌលកីឡានានានៅក្នុង «ពហុកីឡដ្ឋានជាតិមរតកតេជោ» ព្រោះវាបានបង្ហាញនូវការរីកចម្រើនវិស័យ កីឡានៅកម្ពុជា ហើយក៏ជាសមិទ្ធផលមួយបង្ហាញពីចំណងទំនាក់ទំនងកាន់តែរឹងមាំរវាងកម្ពុជា-ចិន។

លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ជំនួយដែលចិនបានផ្តល់សម្រាប់ការសាងសង់កីឡដ្ឋានបាល់ទាត់នៅកម្ពុជា គឺជាជំនួយដែលមាន ទំហំទឹកប្រាក់​ច្រើនជាងគេ ក្នុងចំណោមជំនួយដែលចិនបានជួយទៅកាន់ប្រទេសដទៃទៀត។ លោក ស្យុង ព័រ បានថ្លែងទៀតថា តាមកីឡាដ្ឋាន កម្រិតស្តង់ដារអន្តរជាតិនេះ នឹងផ្តល់លទ្ធភាពឲ្យកម្ពុជាក្នុងការរៀបចំការប្រកួតលំដាប់អន្តរជាតិនានា ហើយក៏ជួយឲ្យល្បីរន្ទឺតាមរយៈ កីឡាលើឆាកអន្តរជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលសម្រាប់បម្រើលើវិស័យកីឡាដ៏ថ្មីសន្លាងនេះ គឺបានកើតឡើងក្រោមដំបូលសន្តិភាព ដែលកម្ពុជា បានរកមកបានដោយលំបាក។ សម្តេចបានទទូចដល់ប្រជាពលរដ្ឋខ្មែររួមគ្នារក្សានូវសុខសន្តិភាព ក៏ដូចជាសមិទ្ធផល ដែល រកមកបាន់ដោយ​លំបាក​នេះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «សម្រាប់កម្ពុជាឆ្លងកាត់នូវសង្រ្គាម យើងបាត់បង់។ មិនត្រឹមតែមិនបានសម្រេចនូវបំនងប្រាថ្នា របស់ខ្លួនទេ ដែលក្នុងទសវត្សរ៍៦០ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គក៏បានធ្វើឲ្យវិស័យ​កីឡា យើងរីកលូតលាស់ឡើង ប៉ុន្តែវាបានបាត់បង់ត្រឡប់ទៅវិញនៅពេលប្រទេសរបស់យើងមានសង្រ្គាម។ យើងបានប្រឹងឈានឡើង​បន្តិចម្តងៗ ឥឡូវគ្រប់ទីកន្លែងទាំងអស់សុទ្ធតែមានតម្រូវការផ្នែកកីឡា ដោយសារតែប្រទេសរបស់យើង បានបញ្ចប់សង្រ្គាម បញ្ចប់នូវស្ថានភាព​ប្រទេសមួយ មានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ»

សម្តេចតេជោ បន្តថា «ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវខិតខំក្តាប់ឲ្យជាប់ និងរក្សាឲ្យបាននូវសន្តិភាព ដែលយើងរកបានដោយ​លំបាក​លំបិន»។

ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងសម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវទទួលភារៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមចំនួនបីដងមកហើយ គឺនៅឆ្នាំ១៩៦៣ ទសវត្សរ៍ឆ្នាំ៩០ និងម្តងទៀតនៅឆ្នាំ២០០០ តែដោយសារភ្លើងសង្រ្គាម និងការខ្វះលទ្ធភាពក្នុងការរៀបចំនោះ កម្ពុជាក៏សុំពន្យារពេលទៅវិញ។

ពាក់ព័ន្ធនឹងការខកខានក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីសហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំអធ្យាស្រ័យពីសំណាក់​ប្រជាពល​រដ្ឋខ្មែរ ក៏ដូចជាកីឡាករ កីឡាការិនីខ្មែ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការខកខាននេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀត ដោយសារតែកម្ពុជាត្រូវការថវិកាសម្រាប់យកទៅអភិវឌ្ឍន៍ លើវិស័យផ្សេងៗទៀត។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កីឡាការ កីឡាការិនី និងអត្តពលិកកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែង ហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ សម្តេចតេជោ លើកឡើងថា បើកម្ពុជា មានកន្លែងហ្វឹកហាត់ ល្អ តែគ្មានការប្រឹងប្រែង ក៏មិនអាចមានសមត្ថភាពខ្លាំងបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ចាត់ទុកថា មិនត្រឹមតែជាមេដឹកនាំប្រទេស ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីក ចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាពនោះទេ តែសម្តេចក៏បានយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកីឡាឲ្យបានវិវឌ្ឍន៍មករកភាពល្អ ប្រសើរ និងលិចធ្លោរផងដែរនាពេលបច្ចុប្បន្ននេះ។

ដោយមើលឃើញពីការប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យកីឡានេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) ជូនសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកពានរង្វាន់នោះថា ជាមោទនភាពមួយសម្រាប់ជាតិកម្ពុជា ដែលធ្លាប់តែរងនូវភាព ខ្ទេចខ្ទាំដោយសារតែភ្លើង​សង្រ្គាមនោះ៕