(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានរំឭកហើយរំឭកទៀត ដល់អាជ្ញាធរភូមិ/ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោតរួចហើយនោះ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ឬចូលប្រាប់ឲ្យដល់ខ្នងផ្ទះតែម្ដង ដើម្បីឲ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សម្ដេច សាយ ឈុំ បានផ្តល់អនុសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានក្នុងកម្រិតខ្ពស់បំផុត។

ការងារនេះ ត្រូវបន្តធ្វើរហូតដល់ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព សេរីភាព យុត្តិធម៌ គ្មានអំពើហិង្សា ដែលទាំងអស់គ្នាអាចទទួលយកបាន។

សម្តេច សាយ ឈុំ ក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រូវបន្តជំរុញប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ  ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាង និងជាអ្នកដឹកនាំការងារបម្រើប្រជាជន និងអភិវឌ្ឍផ្ទាល់នៅមូលដ្ឋាន៕