(ប៉ៃលិន)៖ ទឹកស្ទឹងប៉ៃលិន ដែលកើតមានបញ្ហាល្អក់កករឡើងពណ៌ក្រហម អស់ជាច្រើនថ្ងៃមក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមរងថ្លាឡើងវិញបន្តិចម្ដងៗហើយ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ជាង១០០គ្រួសារនោះ ក៏អាចប្រើប្រាស់បានខ្លះៗដែរ។

ទោះយ៉ាងនេះក្ដី អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ក៏បានចុះអន្តរាគមន៍ និងរកដំណោះស្រាយទប់ស្កាត់ទុកជាមុនផងដែរ ខ្លាចក្រែងបញ្ហានេះកើតឡើងទៀត។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា បញ្ហាល្អក់ទឹកក្នុងស្ទឹងប៉ៃលិននេះ បណ្តាលមកពីកម្លាំងវិស្វកម្មបានឈូសឆាយដី ធ្វើផ្លូវក្រវ៉ាត់ព្រំដែន នៅជាប់ដងស្ទឹងប៉ៃលិន គួបផ្សំនឹងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃផងនោះ ទើបបណ្តាលឱ្យហូរអាចម៍ដីក្រហម ចូលក្នុងទឹកស្ទឹង ធ្វើឱ្យកើតបញ្ហាល្អក់កករបែបនេះតែម្តង។

លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ចំពោះបញ្ហាទឹកស្ទឹងប៉ៃលិនល្អក់កករ ឡើងពណ៌ក្រហមនេះ ធ្វើឱ្យប្រជាពលរដ្ឋមានបញ្ហាកង្វះទឹកប្រើប្រាស់ ប៉ុន្តែអាជ្ញាធរខេត្តបានចាត់ក្រុមការចុះអន្តរាគមន៍ ជួយដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាហើយដែរ។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះបញ្ហាទឹកស្ទឹងប៉ៃលិន ឡើងល្អក់កករនេះ មិនប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ព្រោះរដូវនេះជារដូវភ្លៀង ដូច្នេះប្រជាពលរដ្ឋគាត់មានទឹកភ្លៀង សម្រាប់ប្រើប្រាស់ ម៉្យាងទៀតប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងនោះ គាត់អាចដោះស្រាយបានដោយខ្លួនគាត់ គឺគ្រាន់តែជីករណ្តៅ ឬអណ្តូងនៅក្បែរមាត់ស្ទឹង គឺគាត់អាចយកទឹកមកប្រើប្រាស់បាន ហើយអាជ្ញាធរខេត្តបានចាត់ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រទៅជីករណ្តៅ ឬស្រះនៅក្បែរមាត់ស្ទឹង ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅតាមតំបន់ដែលត្រូវការទឹកប្រើប្រាស់ចាំបាច់។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង គួរយោគយល់ និងអធ្យាស្រ័យ ពីព្រោះទឹកស្ទឹងល្អក់នេះ គឺបង្កឱ្យប៉ះពាល់ដល់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ជាបន្ទាន់ ដើម្បីដោះស្រាយផលពិបាកឱ្យបានទាន់ពេលវេលា។

សូមរំឭកថា ករណីទឹកស្ទឹងល្អក់ពណ៌ក្រហមនេះ បានកើតឡើងតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋជាច្រើនភូមិ មានភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិជាច្រើនទៀត នៅតាមបណ្តោយដងស្ទឹងនេះ៕