(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបរបស់កម្ពុជា ដែលមានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនា នៅពេលមានគ្រោះអាសន្ន។ ពហុកីឡដ្ឋានមរតកតេជោ អាចជម្លៀសចំនួនអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់ ក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ សម្រាប់ដំណាក់កាលទី១ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ សម្រាប់ដំណាក់កាលទី២ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការខ្វះខាតក្នុងការសាងសង់ពហុកីឡដ្ឋានមរតកជាតិដំណាក់កាលទី៣នោះ សម្តេចនឹងស្នើសុំឲ្យ មិត្តចិនជួយសាងសង់បន្តទៅទៀត។ សម្តេចបានបន្ថែមថា ការមានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែម របស់កីឡាករ កីឡាការិនី។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះភាពរីកចម្រើន លើវិស័យកីឡា នាពេលបច្ចុប្បបន្ន៕

សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៖