(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើង ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ និងបើកបរតាមល្បឿនកំណត់។

ការជម្រុញយ៉ាងដូច្នោះរបស់លោក ខូយ រីដា បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាអធិបតី ក្នុងទិវាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមជម្រាបថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណងឆ្លុះបញ្ចាំង ពីបញ្ហាកំពុងបន្តនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអប់រំប្រជាពលរដ្ឋបន្ថែមទៀត អំពីរបៀបប្រើប្រាស់ផ្លូវដោយសុវត្ថិភាព៕