(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃមកនេះជនរងគ្រោះជាសិស្សម្នាក់ បានសំដែងនូវក្ដីអស់សង្ឃឹមជាខ្លាំង ហើយក៏សូមស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយមានវិធានការស្រាវជ្រាវ តាមរកចាប់ខ្លួនជនសង្ស័យផង ដែលបានធ្វើសកម្មភាពលួចយកម៉ូតូរបស់នាង១គ្រឿង ហើយជិះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាពទាំងកណ្ដាលថ្ងៃ ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពបានឃើញយ៉ាងច្បាស់។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ ហុង កន្និកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ១២២៤ ស្ថិតក្នុងក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវបានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោងជាង១១ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ «ពោលរយៈពេល៥ថ្ងៃមុន» រូបនាងបានជិះម៉ូតូ១ គ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DE-1585 ដោយចេញពីផ្ទះតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងបំណងទៅរៀននៅសាលាអន្តរជាតិប៊ែលធី ដែលមានទីតាំង នៅត្រង់ចំណុចផ្លូវបេតុកែង ផ្លូវជាតិលេខ៥ ទល់មុខការ៉ាស់សាំងស្តាម៉ាត «ptt» ស្ថិតក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ខណៈមិនទាន់ដល់ ម៉ោងចូលរៀនទើបនាងចូល ទៅក្នុងស្តាម៉ាត នៅទល់មុខសាលាតែម្ដង ដើម្បីរងចាំទម្រាំដល់ម៉ោងចូលរៀន ស្រាប់តែមួយសន្ទុះក្រោយ នាងបានចេញមកវិញឃើញបាត់ម៉ូតូទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រហូតឆែកកាមេរ៉ាសុវត្ថិភាពក្នុងស្តាម៉ាត «ptt» និងបានឃើញយ៉ាងច្បាស់ ពីសកម្មភាពរបស់ជនសង្ស័យ ដែលពុំស្គាល់ពីអត្តសញ្ញាណម្នាក់ បានលួចយកម៉ូតូ ហើយជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាពរយៈពេល៥ថ្ងៃមកហើយ នៅពុំទាន់មានតម្រុយទាំងអស់។

ទោះយ៉ាងណា បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាព បានឃើញពីមុខមាត់ និងសកម្មភាពរបស់ជនសង្ស័យ «រយៈពេល៥ថ្ងៃកន្លងមកនេះ» ជនរងគ្រោះ សូមអំពាវនាវ ដល់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ មេត្តាមានវិធានការជួយអន្តរាគមន៍ស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់ទាំងក្ដីសង្ឃឹម សម្រាប់ជនរងគ្រោះជាម្ចាស់ម៉ូតូផង៕