(ភ្នំពេញ)៖ ក្រោយណែនាំម្តងហើយ ម្តងទៀត​ ក្រុមអាជីវករផ្សារព្រែកឯង នៅតែមិនអនុវត្តន៍តាម​នៅព្រឹកថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​២០១៧​នេះ​ ​លោក​ ថេង​ សុថុល និងលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ​ បានដឹកនាំ​មន្ត្រីក្រោមឱវាទ​ រួមមាន​៖ នាយករងរដ្ឋបាល ចៅសង្កាត់ និងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់​ ចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ ដើម្បីរក្សាសោភ័ណ្ឌភាព​ និងបញ្ចៀសការកកស្ទះចរាចរណ៍ ពិសេសបង្កការជួបគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលលក់លើហៀរមកលើទ្រូងផ្លូវ។

​លោក​ ថេង​ សុថុល​ បានបញ្ជាក់ថា​ «កន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់បានចេញសេចក្តីណែនាំ​​ជូនដល់ក្រុមអាជីវករ និងបានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ ជាច្រើនលើកច្រើនសារមកហើយ​ ប៉ុន្តែក្រុមអាជីវករនៅតែបំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ​ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ​ បង្កការកក់ស្ទះ​ និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ​ ដូច្នេះនៅព្រឹកថ្ងៃនេះ ​យើងបានប្រាប់ពួកគាត់ (ក្រុមអាជីវករ) ទុកឲ្យកំឡុងពេលចូលឆ្នាំថ្មីនេះរួច​ អាជ្ញាធរប្តេជ្ញានឹងរៀបចំផ្សារព្រែកឯងនេះ ឲ្យល្អប្រសើរ​ ជាពិសេស នឹងចាត់វិធានការទៅលើកក្រុមអាជីវករណា ដែលរឹងទទឹង មិនស្តាប់តាមការណែនាំ​របស់អាជ្ញាធរ​ ពៅលមិនទុកបណ្តែតបណ្តោយឲ្យដាក់លក់សម្ភារលើផ្លូវ​យ៉ាងអាណាធិបតេយ្យ​បែបនេះ​ទៀតទេ​»

ជាមួយនឹងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ​ លោក ថេង​ សុថុល​ និងលោក រស់ សុភ័ក្រ ក៏បានអំពាវដល់បងប្អូនអាជីវករ លក់តាមផ្សារទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ​ សូមមេត្តារក្សាសណ្តាប់ធ្នាប់សាធារណៈ​ ដោយដាក់លក់ទំនិញ​ ទៅតាមទីតាំងកន្លែង ដែលផ្សារបានកំណត់​ មិនត្រូវដាក់លក់ហៀរមកលើកចិញ្ចើមផ្លូវ​ និងចំណីផ្លូវសាធារណៈទេ​ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានកោះហៅម្ចាស់ផ្ទះ ដែលយកចិញ្ចើមផ្លូវជួល ឲ្យបងប្អូនលក់ដូរ ទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការយកចិញចើមផ្លូវទៅធ្វើអាជីវកម្ម ប្រយោជន៍ឯកជន ដោយមិនគិតពី បញ្ហាគ្រោះថ្នាក់នៅចំពោះមុខ ដែលអាចកើតមានគ្រប់ពេលវេលានោះ។

រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ឱសានវាទដល់បងប្អូនអាជីវករ ដែលកំពុងប្រកបរបស់លក់ដូរតាមកញ្រែ្ចង កញ្ចើ បញ្ឈប់ការលក់លើទ្រូវផ្លូវតទៅទៀត។ ដោយហេតុថា បន្ទាប់ពីចូលឆ្នាំថ្មី ប្រពៃណីខ្មែររួច អាជ្ញាធរនឹងចាត់ វិធានការក្តៅចំបងប្អូនដែលលក់ដូរមកលើទ្រូងផ្លូវ។ អាជ្ញាធរសង្ឃឹមថា ការងាររៀបចំផ្សារព្រែកឯង មិនមែនជាការវែកចកទៀតទេ គឺជាការលើកចកចេញតែម្តង ដោយអាជ្ញាធរមិនអនុញ្ញាតឲ្យមានលក់លើទ្រូងផ្លូវបន្តទៀតទេ។ផែនការនេះនឹងអនុវត្តនៅក្រោយចូលឆ្នាំប្រពៃណីខ្មរ គឺអាជ្ញាធរត្រូវតែរៀបចំឲខានតែបាន ព្រោះមានមូលហេតុសំខាន់ៗដូចខាងក្រោម៖
១-គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដំណាក់ទី៤ ជិតបញ្ចប់រួចរាល់ ហើយដោយផ្លូវជាតិលេខ១នេះ ជាផ្លូវច្រកអន្តរជាតិ (ផ្លូវតំបន់អាស៊ាន) ដូច្នេះត្រូវលុបបំបាត់ឲ្យបាន នូវភាពអាណាធិបតេយ្យដែលកើតមាននៅលើថ្នល់ជាតិ។
២-ហានិភ័យនៃការកើតឡើងគ្រោះចរាចរណ៍នាពេលបច្ចុប្បន្ន ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។
៣-ការអនុវត្តតាមសារាចរលេខ១១ ដែលបានកំណត់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការគិតគូពីទីតាំងលក់ដូររបស់ប្រជាពករដ្ឋលក្ខណៈតូចតាច រួមមាន៖ អ្នកលក់ដូរកញ្ច្រែង កញ្ជើ ល្អី ត្រូវមានទីតាំងសមរម្យ។

យោងតាមការខិតខំប្រឹងប្រែងនេះ សង្ឃឹមថា ទៅថ្ងៃអនាគតផ្សារព្រែកឯង នឹងមានរបៀបរៀបរយល្អជាក់ជាមិនខាន៕