(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែង សើចក្អាកក្អាយ ដែលជាវណ្ណកម្មថ្មី​មួយទៀត​របស់ផលិតកម្ម «មហាហង្ស» មានចំណងជើងថា «​ស៊ុបភើម៉ាំ» បានរៀបចំពិធីបើកសម្ពោធ​បញ្ចាំងជាផ្លូវការ​ហើយ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend TK ទួលគោក ដែលជាចំណីចក្ខុថ្មី សម្រាប់ទស្សនិកជន ក្នុងឱកាស​នៃពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​និងជារឿងមួយ ត្រៀមយកទៅកាន់ទីផ្សារ​នៅក្រៅប្រទេសផងដែរ។

លោក អ៊ិន សុភិន ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងថា ​រឿងខ្នាតធំ​«​ស៊ុបភើម៉ាំ»សុទ្ធសឹងតែជាតារាល្បីៗ និងប្រើបច្ចេកវិទ្យាថតទំនើបខ្ពស់​​ចុងក្រោយគេ ទើបរឿងនេះ ត្រូវចំណាយទុន​ អស់ប្រមាណលើស​ពី​៥ម៉ឺនដុល្លារ ដែលជាទុនមួយមានទំហំច្រើនជាងរឿងមុនៗ ដើម្បីពង្រឹងគុណភាពសាច់រឿង ឲ្យកាន់តែល្អប្រសើរ ស្របតាមស្ដង់ដារអន្តរជាតិ។ អ្វីដែលកាន់​តែពិសេស​​ជាងនេះ​ទៅទៀត​ រឿងខ្នាតធំ «ស៊ុបភើម៉ាំ» ត្រូវបានលោក អ៊ិន សុភិន អះអាងថា កំពុងតែពិចារណា​យកទៅបញ្ចាំង នៅទីផ្សារ​ក្រៅប្រទេស ប៉ុន្តែនៅពេលនេះ លោកកំពុងតែស្ទាប​ស្ទង់ទីផ្សារ ក្នុងការដាក់បញ្ចាំង​​នៅ​ក្នុងប្រទេសសិន។

​ចាងហ្វាងផលិតកម្មរូបនេះ បានសង្កត់ធ្ងន់ថា ភាពយន្តខ្នាតធំរឿង «ស៊ុបភើម៉ាំ» ជាប្រភេទ​រឿងកំប្លែង កាច់កុង ឌឺដងគ្នា តែបង្កប់ដោយសារអប់រំ ដល់អ្នកដែលរស់នៅក្បែរខាងគ្នា និងសម្រាប់ជាកាដូ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ដែលត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស។ ភាពយន្តនេះ មានការចូលរួមដោយតារាសម្ដែងល្បីៗ ប្រចាំក្នុងប្រទេសកម្ពុជា ជាពិសេសគឺអ្នកនាង សុខ សោម៉ាវត្តី ដែលនាងនៅ​តែជាតារាសម្ដែង មានទីផ្សារខ្ពស់សម្រាប់​មហាជន​ដដែល។

ក្នុងពិធីបើកសម្ពោធនេះ គេសង្កេតឃើញវត្តមាន​តារាសម្ដែងប្រុស-ស្រីល្បីៗ ជាច្រើនដួងបានចូលរួម ក្នុងនោះរួមមាន អ្នកនាង ខ្ញុង, អ្នកនាង កាតុ, នាយ ពែកមី, អ្នកនាង សុខ សោម៉ាវត្តី, នាយ គ្រឿន , នាយ ក្រូច, កញ្ញា វណ្ណ នីឡា, លោក ភិម តារាវិបុល, លោក អូន ឧស្សាហ៍, លោក ងួន សុបិន ព្រមទាំងវត្តមានរបស់លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» ចូលរួម​ផ​ងដែរ។

យ៉ាងណាមិញ លោក អ៊ិន សុភិន ក៏បានអំពាវនាវ ដល់បងប្អូនទាំងអស់​ ចូលរួម​គាំ​ទ្រភាពយន្តខ្មែរ ស្នាដៃកូនខ្មែរ ដើម្បីជាការលើកទឹកចិត្ត​ដល់ផលិតករ ក្នុងការផលិតរឿងដាក់បញ្ចាំង​លើទីផ្សារបន្ថែមទៀត ក៏ដូចជាការលើកស្ទួយ​សិល្បៈភាពយន្ត របស់ជាតិយើងផងដែរ។ រឿងខ្នាតធំ «ស៊ុបភើម៉ាំ» នឹងដាក់បញ្ចាំងគ្រប់រោងភាពយន្ត​ទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈកាលបរិច្ឆេទនៃការដាក់បញ្ចាំង គឺចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នេះតទៅ៕