(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តន៍ជាង ៤០% សម្រាប់បញ្ញត្តិផ្នែក A នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលបញ្ញត្តិផ្នែក B និង C ផ្តោតលើការងារកំណែទម្រង់អទិភាព នឹងត្រូវជូនដំណឹងទៅកាន់អង្គការ WTO ដើម្បីកៀងគរជំនួយបច្ចេកទេសនាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូចច្នោះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្ត WTO TFA» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។ ពិធីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt មន្ត្រីរាជរដ្ឋាភិបាល មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានប្រមាណ ១០០នាក់។

លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនសិក្ខាកាមថា TFA ត្រូវបានចូលជាធរមាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការផ្តល់សច្ចាប័នចំនួន ១១២ ដែលស្មើនឹង ២/៣ ក្នុងចំណោមសមាជិក ១៦៤ប្រទេសនៃអង្គការ «WTO TFA» គឺជានីតិវិធីថ្មីទាក់ទងនឹងព្រំដែន, វិធីសាស្ត្រ និងកាតព្វកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលអនុវត្តន៍។ «កិច្ចព្រមព្រៀងនេះ ផ្តល់នូវតម្លាភាពផ្នែកច្បាប់, វិធាន និងនីតិវិធី ព្រមទាំងសម ភាពក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារតាមព្រំដែន សម្រួលការបំពេញបែបបទគយ និងកាត់បន្ថយឧបសគ្គរដ្ឋបាល សម្រាប់ការដឹកទំនិញឆ្លងកាត់» លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែម។

«ការអនុវត្តន៍ TFA នឹងកាត់បន្ថយចំណាយលើពាណិជ្ជកម្មសាកល ជាមធ្យមប្រហែល ១៤,៣% ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបានផលប្រយោជន៍ ច្រើនពីការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងនេះ ដោយសារប្រទេសទាំងនោះ បានចំណាយខ្ពស់លើការធ្វើពាណិជ្ជកម្ម»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់បន្ថែម។

គួរំលឹកដែរថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការ WTO ដែលបានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្ម TFA កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ការផ្តល់សច្ចាប័ននេះ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ទាំងនៅថ្នាក់តំបន់ និងសកលលោក តាមរយៈការស្វែងរកវិធីពន្លឿនការដឹកទំនិញ ការបញ្ចេញទំនិញ និងការសម្រួលបែបបទគយ ព្រមទាំងការដឹកទំនិញឆ្លងកាត់ព្រំដែន៕